កូរ៉េខាងជើងបញ្ចេញឧទ្ធម្ភាគចក្រជម្លៀសមនុស្សជាង ៥ពាន់នាក់ពីទឹកជំនន់
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលកូរ៉េខាងជើងបានដាក់ពង្រាយឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿង ដើម្បីជម្លៀសប្រជាជនជាង ៥,០០០នាក់ ដែលជាប់គាំងនៅក្នុងតំបន់រងគ្រោះទឹកជំនន់ទៅកាន់ទីមានសុវត្ថិភាព។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន បានចុះដឹកនាំបញ្ជាដោយផ្ទាល់ប្រតិបត្តិការយោធាសង្គ្រោះ ក្នុងនោះរួមមានឧទ្ធម្ភាគចក្រ និងទូកសង្គ្រោះនៃកងទ័ពជើងទឹកចំនួន ១០គ្រឿង ដើម្បីជម្លៀសប្រជាជនជាង ៥,០០០នាក់ចេញពីទឹកជំនន់ទៅកាន់តំបន់មានសុវត្ថិភាព។
នាឱកាសនោះដែរ លោក គីម បានស្តីបន្ទោសមន្ត្រីចំពោះការខកខានរបស់ពួកគេ ក្នុងការរៀបចំការឆ្លើយតបភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ទោះបីជាមានបទបញ្ជាពីមុន ដើម្បីបង្កើនវិធានការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិក៏ដោយ។
កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានបើកកិច្ចប្រជុំឆ្លើយតបវិបត្តិមួយ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់ ពីគ្រោះមហន្តរាយធម្មជាតិមកលើវិស័យកសិកម្ម។
កូរ៉េខាងជើងកំពុងទទួលរងគ្រោះទឹកជំនន់បង្កពីភ្លៀងធ្លាក់ខ្លាំងរហូតដល់បំបែកកំណត់ត្រា។ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបាននិយាយថា វាជាកំណត់ត្រាខ្ពស់បំផុតមួយនៅកូរ៉េខាងជើង ក្នុងរយៈពេល ២៩ឆ្នាំ។ ទន្ទឹមគ្នា កូរ៉េខាងជើងក៏កំពុងធ្វើការដើម្បីការពារទឹកជំនន់ រួមទាំងការបញ្ចេញទឹកពីទំនប់នៅជិតព្រំដែនអន្តរកូរ៉េ ដែលបង្កើនការព្រួយបារម្ភអំពីទឹកជំនន់នៅភាគខាងត្បូង។
ទឹកជំនន់នៅរដូវក្ដៅនៅប្រទេសកូរ៉េខាងជើង តែងតែបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដីស្រែចម្ការ ដោយសារតែប្រព័ន្ធបង្ហូរទឹកមិនល្អ, ការកាប់បំផ្លាញព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធដែលទ្រុឌទ្រោម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា





