WHO ជំរុញអភិវឌ្ឍវ៉ាក់សាំងការពារជំងឺផ្តាសាយបក្សី
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ បានប្រកាសនូវគម្រោងថ្មីមួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីឆ្លងពីសត្វទៅមនុស្ស ដោយប្រើប្រាស់បច្ចេកវិទ្យា RNA ដ៏ទំនើបបំផុតនៅក្នុងបណ្តាប្រទេសក្រីក្រ។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថអាហ្សង់ទីន Sinergium Biotech នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីឆ្លងពីសត្វទៅមនុស្ស ខណៈក្រុមហ៊ុននេះបានចាប់ផ្តើមអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី H5N1 រួចហើយ។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិតផ្តួចផ្តើមនេះបង្ហាញពីមូលហេតុដែល WHO បង្កើតកម្មវិធីផ្ទេរបច្ចេកវិទ្យា mRNA។
លោកអគ្គនាយកបន្ថែមថា កម្មវិធីដែលរាប់បញ្ចូលដៃគូផលិតកម្មចំនួន១៥ នៅក្នុងប្រទេស រាប់ចាប់ពីអាហ្វ្រិកខាងត្បូង, អ៊ុយក្រែន រហូតដល់វៀតណាមនេះ គឺមានគោលបំណងជំរុញការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតកម្មកាន់តែច្រើននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ តាមវិធីនោះ នៅពេលដែលជំងឺរាតត្បាតបន្ទាប់មកដល់ ពិភពលោកនឹងត្រៀមខ្លួនកាន់តែប្រសើរឡើងជាងមុន ដើម្បីបង្កើនការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសមធម៌ជាងមុន។
មេរោគគ្រុនផ្តាសាយបក្សី គឺស្ថិតក្នុងចំណោមមេរោគ ដែលត្រូវបានពិភពលោកចាត់ទុកថា មានសក្តានុពលនៃការផ្ទុះជំងឺរាតត្បាតនាពេលអនាគត។ ជំងឺផ្តាសាយបក្សី H5N1 ផ្ទុះឡើងលើកដំបូងកាលពីឆ្នាំ ១៩៩៦។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២០មក មេរោគនេះបានចាប់ផ្តើមរីករាលដាលកាន់តែធំឡើងនៅក្នុងខ្លួនសត្វ រួមមានទាំងគោ-ក្របី ហើយបន្តឆ្លងទៅកាន់មនុស្ស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា