សាកសពអាកាសយានិកទាំងពីររូបនឹងយកធ្វើបុណ្យនៅទីបញ្ជាការដ្ឋានកងទ័ពអាកាស

ភ្នំពេញ៖ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនា​​ធិការ​ចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សពអាកាសយានិកទាំងពីររូប​នឹងត្រូវយក​មក​រៀបចំ​ពិធីបុណ្យ​នៅ អគ្គបញ្ជាការដ្ឋានកងទ័ពអាកាសនារាជធានីភ្នំពេញឱ្យស័ក្តិសមនឹងកិត្តិយសរបស់លោកទាំងពីរ។

នាយឧត្តមសេនីយ៍បន្ត​ថា កាលពី​យប់ថ្ងៃទី២៩ ខែកក្កដាគឺបន្ទាប់ពី​បានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ លោក​បានសុំ​គោលការណ៍​ពី​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដើម្បីនាំយក​សាកសពទៅ​រៀបចំពិធីបុណ្យនៅអគ្គបញ្ជាការ​ដ្ឋានកង​ទ័ពអាកាស ។

សូមជម្រាបថា លោក ស៊ុន ផល្លា ប្រធានក្រុមនិងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិកបានជួបឧបទ្ទវហេតុ​ធ្លាក់ឧទ្ធម្ភាគចក្រអំឡុង​ពេល​ហ្វឹកហាត់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​​ ។បន្តមកកាលពី​ល្ងាចថ្ងៃទី២៩ ខែកក្កដាត្រូវបានក្រុមរុករកប្រទះឃើញលោក ខេង ឆៃយុទ្ធ និងព្រឹកថ្ងៃទី៣០ ខែកក្កដា ក៏បានប្រទះឃើញសព លោក ស៊ុន ផល្លា នៅចំណុចភ្នំយ៉ាវយ៉ៃ នៃឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។
ជាមួយនឹងដំណឹងអកុសល លើបណ្ដាញសង្គមនានានៅថ្ងៃទី៣០ ខែកក្កដា គេបានឃើញនូវសាររំលែកទុក្ខចំពោះគ្រួសារ​ចាប់ពី​ប្រជាពលរដ្ឋធម្មតា រហូតដល់ឥស្សរជនសំខាន់ៗ ក្នុងនោះមានទាំង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន មាណែត។ ក្នុង​សារ​រំលែក​ទុក្ខលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន មាណែត សូមចូល​រួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពោរពេញដោយក្ដីសោក​ស្ដាយ​អាឡោះអាល័យជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួង​សួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរអាកាសយានិកទាំងពីររូប សូមបានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

រហូតមកដល់រសៀលថ្ងៃទី៣០ ខែកក្កដា សាកសព​អាកាសយានិក​ទាំងពីរ​ពុំទាន់ត្រូវបានយកមកកាន់ទីបញ្ជាការ​ដ្ឋាន​ទ័ព​អាកាសដើម្បី​ប្រារព្ធពិធីបុណ្យនៅឡើយទេ ដោយសារអាកាសធាតុមិនល្អ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ក្នុងសន្និសីទកាសែតថា អាកាសធាតុអាក្រក់ជាឧបសគ្គក្នុងការស្វែងរក ក៏ដូចជា​ការបញ្ជូនសព។នាយឧត្តមសេនីយ៍បញ្ជាក់ថា បើអាកាសធាតុល្អ​ត្រឹមតែ២០ នាទីក៏យើងអាចយកសពនិងបញ្ជូនសពមកភ្លាម។ ប៉ុន្តែភ្លៀង អ័ព្ទក្រាស់។ អ័ព្ទខ្លាំងដោយចំងាយតែ៥ម៉ែត្រពីគ្នា ក៏មើលគ្នាមិនគ្នាឃើញឡើយ។

ឆ្លៀតក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ក៏បានសុំការយោគយល់​ពីសំណាក់មហាជន ជាពិសេសក្រុមគ្រួសារសពជាមុន ប្រសិន​បើមានការយឺតយ៉ាវ ។

សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះ​ហើរម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិ​សាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា។លើ​ឧទ្ធម្ភាគចក្រមានលោក ស៊ុន ផល្លា ជាប្រធានក្រុម និង​លោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។រហូតមកដល់ថ្ងៃទី៣០ ខែកក្កដា នេះ បេសកកម្មត្រូវបានបញ្ចប់ ដោយបានរកឃើញ ឧទ្ធម្ភាគចក្រធ្លាក់​នៅចំណុច​ចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងសាកសពអាកាសយានិកទាំងពីរនាក់៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner