គ្រោះរអិលបាក់ដីនៅឥណ្ឌា ផ្តាច់ជីវិតមនុស្ស ៣៦នាក់ និងរាប់រយនាក់ជាប់គាំងក្រោមល្បាប់ភក់
ញូវដែលី៖ រដ្ឋខឺរ៉ាឡា បានទទួលរងនូវការវាយលុកពីភ្លៀងធ្លាក់ខ្លាំង ហើយការដួលរលំស្ពានសំខាន់មួយនៅស្រុក Wayanad បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាជនក្នុងតំបន់ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់ប្រភពពីអាជ្ញាធរក្នុងតំបន់។
ក្រុមមន្ត្រីឥណ្ឌាបានរាយការណ៍នៅថ្ងៃអង្គារនេះថា ហេតុការណ៍រអិលបាក់ដីបង្កឡើងពីភ្លៀងមូសុងធ្លាក់ខ្លាំង បានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់៣៦នាក់ និងរាប់រយនាក់ផ្សេងទៀត ត្រូវបានគេជឿថា ជាប់គាំងនៅក្រោមល្បាប់ភក់ និងកំទេចកំទី។ រដ្ឋមន្ត្រីសុខាភិបាលរដ្ឋខឺរ៉ាឡា លោកស្រី Veena George បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Press Trust of India ថា មនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រូបភាពដែលថតដោយកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានបង្ហាញពីសកម្មភាពក្រុមអ្នកជួយសង្គ្រោះដុតដៃដុតជើងស្វែងរកអ្នកនៅរស់រានមានជីវិត និងយកសាកសពជនរងគ្រោះដាក់លើរទេះរុញចេញពីតំបន់នោះ។ កងទ័ពឥណ្ឌាបាននិយាយថា ខ្លួនបានដាក់ពង្រាយទាហានជាង ២០០នាក់ទៅកាន់តំបន់រងគ្រោះ ដើម្បីជួយដល់កងកម្លាំងសន្តិសុខរដ្ឋ និងក្រុមពន្លត់អគ្គីភ័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយថា លោកបានធានាដល់រដ្ឋាភិបាលខឺរ៉ាឡា នៅក្នុងការផ្តល់ជំនួយតាមដែលអាចធ្វើទៅបាន។
ការិយាល័យរបស់លោក ម៉ូឌី បានបញ្ជាក់ថា គ្រួសារជនរងគ្រោះនឹងទទួលបានប្រាក់សំណងចំនួន ២,៤០០ដុល្លារ។ ជាមួយគ្នានេះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ បាននិយាយថា ភ្លៀងធ្លាក់កាន់តែច្រើន និងខ្យល់បក់បោកខ្លាំង ត្រូវបានគេព្យាករណ៍ថា នឹងកើតមាននៅក្នុងរដ្ឋខឺរ៉ាឡា នៅក្នុងថ្ងៃអង្គារនេះ។
សូមរម្លឹកថា ហេតុការណ៍បាក់ដីដ៏អាក្រក់បំផុតរបស់ប្រទេសឥណ្ឌាកាលពីឆ្នាំ ១៩៩៨ ដែលបង្កឡើងពីភ្លៀងមូសុងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២០នាក់ និងបានកប់ភូមិតូចមួយទាំងស្រុងនៅតំបន់ជួរភ្នំហិម៉ាឡៃយ៉ា៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា