លោកស្រី គឹម ញឹប ៖ អាជ្ញាធរ និងសមត្ថកិច្ច ត្រូវខិតខំបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងសេវាសាធារណៈ និងសុខសុវត្ថិភាព
(ភ្នំពេញ)៖ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានណែនាំដល់ អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងសេវាសាធារណៈ និងការរក្សានូវសុខសុវត្ថិភាព ដើម្បីទទួលបានការទុកចិត្ត និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ។ នេះជាការលើកឡើងក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការណ៍ លើការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការងារបង្ក្រាបបទល្មើស រវាងរដ្ឋបាលខណ្ឌដង្កោ ជាមួយរដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។
ថ្លែងនៅក្នុងកិច្ចប្រជុំលោកស្រីអភិបាលខណ្ឌដង្កោ និងលោកអភិបាលស្រុកកណ្តាលស្ទឹង និងលោកអភិបាលក្រុងតាខ្មៅ បានដាក់ចេញនូវគោលដៅរួមគ្នា គឺអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌនិងស្រុក កិច្ចការចម្បងគឺ បង្ក្រាបក្រុមក្មេងទំនើង បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងមូលដ្ឋានទាំង៣ និងបង្ក្រាបរាល់មុខសញ្ញាគ្រឿងញៀន និងបង្ក្រាបក្រុម មុខ សញ្ញាដែលប្រព្រឹត្តបទល្មើស នៅក្នុងមូលដ្ឋានទាំងបី ។ ដោយឡែក ឃុំ-សង្កាត់ណាដែលមានព្រំប្រទល់ជាប់គ្នា សូមឲ្យគណៈបញ្ជាការទាំងបី បង្កើនការយកចិត្តទុកដាក់ចុះត្រួតពិនិត្យតាមតំបន់ស្មុគស្មាញ និងតំបន់ងាយរងគ្រោះដោយមុខសញ្ញាគ្រឿងញៀន ហើយបើអាចធ្វើទៅបាន រួមគ្នាបង្កើត ប៉ុស្តិ៍ មួយសម្រាប់ កម្លាំងគណៈបញ្ជាការទាំង៣ ប្រចាំការដើម្បីការពារ មុខសញ្ញាផ្សេងៗ កុំឲ្យចូលមកប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋានឃុំនិងសង្កាត់ ។
មួយផ្នែកទៀត នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ គណៈបញ្ជាការឯកភាពទាំងបីបានដាក់ចេញនូវវិធានការ ផ្សព្វផ្សាយពីផលប៉ះពាល់ ពីផលប៉ះពាល់ដោយសារការញៀន ល្បែងស៊ីសង បញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស ដែលចំណុចទាំងអស់នេះគឺជាផ្នែកមួយនៃការជំរុញឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីមានការភ្ញាក់រឭកតាមរយៈការបញ្ជ្រាប យល់ដឹងផលប៉ះពាល់នានា ដែលធ្វើឲ្យខូចអនាគតរបស់សិស្សានុសិស្ស ។
ជាមួយគ្នានេះដែរ គណៈបញ្ជាការឯកភាពទាំងបីបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបើមានផ្ទះជួលសូមកុំឲ្យជួលអោយ ក្រុមរកស៊ីបើកល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងឡូតូតាមអនឡាញ ជល់មាន់អនឡាញជាដើម ។ ការចូលរួមរបស់បងប្អូនគឺមានន័យថាបងប្អូនបានរួមចំណែកជាមួយអាជ្ញាធរក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនិងមួយផ្នែកទៀតបងប្អូនបានចូលរួមអនុវត្តបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងប្រទេស ៕
ដោយ / គ្រី សម្បត្តិ