វៀតណាមស្លាប់ជិត២០នាក់ ព្រោះទឹកជំនន់និងបាក់ដី ក្នុងខែកក្កដា
ហាណូយ៖ ចាប់តាំងពីដើមខែកក្កដាមក ទឹកជំនន់ និងការបាក់ដី បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៨នាក់ នៅតំបន់ភ្នំ ភាគខាងជើង របស់ប្រទេសវៀតណាម។
ក្រៅពីនេះ មនុស្សរាប់ពាន់នាក់ រស់នៅក្រោមទឹក ដែលជន់លិច នៅជាយក្រុងហាណូយ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង មួយសប្តាហ៍ នៅភាគខាងជើងប្រទេស ដែលបណ្តាលឱ្យទឹកទន្លេ ហូរហៀរច្រាំង គិតត្រឹមថ្ងៃអាទិត្យ។
អ្នកស្រុក នៅភូមិ Ben Voi ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីតំបន់កណ្តាល ទីក្រុងហាណូយ ត្រូវធ្វើដំណើរ ដោយជិះទូក ហើយដេក នៅក្នុងផ្ទះ ត្រូវបានទឹកជន់លិច លាយឡំជាមួយនឹងភក់។
អ្នកស្រី Tran Thi Ly ដែលបើកហាងទំនិញ នៅជាន់ផ្ទាល់ដី បានប្រាប់ AFP កាលពីថ្ងៃអាទិត្យថា «ខ្ញុំមិនអាចទៅណាបានទេ ហើយអ្នកជិតខាង ពិបាកមកហាងរបស់ខ្ញុំ ដើម្បីទិញទំនិញ»។
អ្នកព្យាករណ៍អាកាសធាតុបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នឹងធ្លាក់ នៅភាគខាងជើង ប្រទេសវៀតណាម រហូតដល់ថ្ងៃពុធ។
ជារឿយៗ ប្រទេសវៀតណាម ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងការបាក់ដី។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្របានព្រមានថា ព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅទូទាំងពិភពលោកកាន់តែខ្លាំងឡើង និងញឹកញាប់ ដោយសារការប្រែប្រួលអាកាសធាតុ។
កាលពីឆ្នាំមុន វៀតណាម មានមនុស្ស ប្រមាណ១៧០នាក់បានស្លាប់ ឬ បាត់ខ្លួន ដោយសារតែគ្រោះធម្មជាតិ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត