ស្ថានភាពទឹកជំនន់ស្រុកឯកភ្នំ បានថយចុះ

បាត់ដំបង៖លោក សឿម ប៊ុនរិទ្ធិ អភិបាលរងតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​បានដឹក នាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានអញ្ជើញពិនិត្យស្ថានភាពជំនន់ ទឹកភ្លៀង ស្ថិតក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខណៈស្ថានភាព
ទឹកជំនន់បានស្រកចុះបន្តិច។

ក្នុងឱកាសពិនិត្យស្ថានភាពទឹក លោក សឿម ប៊ុនរិទ្ធិ​ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំ ជាពិសេស​អ្នកដែល​រស់នៅ​ក្នុង​តំបន់ងាយរងគ្រោះនិងរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ត្រូវបន្ត​ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច​បើទោះបីស្ថានភាព​ជំនន់ទឹកភ្លៀង​អាចនឹងចាប់ផ្ដើមស្រកចុះវិញក៏ដោយ។

លោក សឿម ប៊ុនរិទ្ធិ ប្រាប់ទូរទស្សន៍អប្សរាថា ស្ថានភាពទឹកស្ទឹង​នៅក្នុង​ស្រុកសំឡូតបានថមថយ ស្រកចុះជាបន្តបន្ទាប់ ដោយ​សារតែនៅតំបន់ប៉ែកខាងលើនោះគ្មានភ្លៀងធ្លាក់ទៀតទេក្នុងរយៈពេលពីថ្ងៃនេះ។ជំនន់ទឹកភ្លៀង រយៈពេលខ្លី ប៉ុន្មានថ្ងៃនេះ បានបណ្ដាល​ឱ្យប៉ះពាល់ដល់សាលារៀន ផ្ទះសម្បែង ដំណាំស្រូវដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនតាមបណ្តាស្រុក។

ជាការត្រៀមលក្ខណៈគ្រប់ពេល លោកអភិបាលរងខេត្តបានណែនាំ​ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្ត​ទុកដាក់ក្នុងការ​ត្រៀមរៀប​ចំផែនការអន្តរាគមន៍ និង ត្រៀមរៀបចំ​ទីទួលសុវត្ថិភាពឱ្យបានសមរម្យ ប្រសិនជាមានករណីត្រូវ​ជម្លៀស​ប្រជា​ពលរដ្ឋនៅពេលដែលមានទឹកជំនន់កើតឡើងក្នុងមូលដ្ឋាន។ក៏ត្រូវផ្សព្វផ្សាយពីវិធីបង្ការជំងឺផ្សេងៗដល់ប្រជាពលរដ្ឋនៅតំបន់
ប្រឈមនឹងហានិភ័យផងដែរ៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner