វិស័យអចលនទ្រព្យថៃធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងពេល១២ឆ្នាំ
បាងកក៖ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ស្ថានភាពវិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃ បានបន្តធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ។
ប្រធានសមាគមខុនដូថៃ លោក Prasert Taedullayasatit បានគូសបញ្ជាក់ថា ផ្ទះល្វែង និងអចលនទ្រព្យដែលមានតម្លៃក្រោមជាង ៨០,០០០ដុល្លារ ការលក់បានធ្លាក់ចុះខ្លាំងបំផុត ខណៈដែលគម្រោងនានាដែលមានតម្លៃលើនេះលក់បានតែ៥៤ភាគរយប៉ុណ្ណោះ។
ប្រធានសមាគមដដែលបញ្ជាក់ថា ការលក់ដែលធ្លាក់ចុះខ្លាំងនេះមួយផ្នែកដោយសារអតិថិជនភាគច្រើនមិនអាចទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនោះទេក្នុងពេលបច្ចុប្បន្ន។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសថៃ បានអំពាវនាវឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការគាំទ្រមួយចំនួនដល់ឧស្សាហកម្មអចលនទ្រព្យ ក្នុងនោះរួមមានការបន្ធូរបន្ថយអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃនៃគម្រោងអចលនទ្រព្យ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនថៃទទួលបានប្រាក់កម្ចីទិញផ្ទះ ហើយក៏ជាការអនុគ្រោះជំរុញកំណើននៃការលក់ឡើងវិញផងដែរ។
ស្របពេលដែលធនាគាររឹងបណ្តឹងការផ្តល់កម្ចីចំពេលស្ថានភាពអចលនទ្រព្យមិនអំណោយផល និងសេដ្ឋកិច្ចមិនសូវល្អ សារព័ត៌មាន the Nation បានចុះផ្សាយថា អនុបាតបំណុលគ្រួសារនៅប្រទេសថៃនៅតែខ្ពស់៕
ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា