សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្តែងមរណទុក្ខ ជូនដល់ក្រុមគ្រួសារនៃសពអាកាសយានិក ស៊ុន ផល្លា និង ខេង ឆៃយុទ្ធ

(ភ្នំពេញ)៖ សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៤ បានចូលរួមសម្តែង នូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងបំផុត ជូនដល់ក្រុមគ្រួសារនៃសពអាកាសយានិក ស៊ុន ផល្លា និងអាកាសយានិក ខេង ឆៃយុទ្ធ ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក ដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន និងជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ នៃកងយោធពលខេមរភូមិន្ទទាំងមូលនូវនាយទាហានម្នាក់ដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក ។

សម្ដេចធិបតី បានសរសេលេបណ្ដាញសង្គមថា មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប ។

សម្ដេចបន្តថា ជាអកុសល អាកាសយានិករបស់យើង គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវរកឃើញថាបានពលីជីវិតទៅហើយនៅក្នុងឧបទ្ទវហេតុនេះ ។ ខ្ញុំសូមចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងជាទីបំផុត ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុសដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន ហើយនេះ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល នូវនាយទាហានពីររូបដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក ។

សម្ដេចនាយករដ្ឋមន្ត្រី សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកទាំងពីរ ឆាប់បានចាប់បដិសន្ធិក្នុងសុគិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ទន្ទឹមគ្នានេះ សម្ដេចធិបតី ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងាររុករកទាំងអស់ ទាំងថ្នាក់ដឹកនាំ និងកងកម្លាំងរុករកផ្ទាល់ ដែលបានខិតខំពុះពារឥតរុញរា ជម្នះគ្រប់ឧបសគ្គទាំងយប់ទាំងថ្ងៃ ប្រកបដោយទឹកចិត្តតស៊ូក្លាហាន និងហ៊ានលះបង់ រហូតស្វែងរកឃើញទីតាំងកើតហេតុ ដែលជាបេសកកម្មដ៏សែនលំបាក និងប្រកបដោយហានិភ័យនៅក្នុងភូមិសាស្ត្រព្រៃជ្រៅ រួមជាមួយនឹងកត្តាអាកាសធាតុមិនអំណោយផលក្នុងរយៈពេល ១៨ ថ្ងៃកន្លងមកនេះ ។

សូមជម្រាបថា ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សពអាកាសយានិកទាំងពីររូប នឹងត្រូវយកមករៀបចំពិធីបុណ្យនៅ អគ្គបញ្ជាការដ្ឋានកងទ័ពអាកាស នារាជធានីភ្នំពេញ ឱ្យស័ក្តិសមនឹងកិត្តិយសរបស់លោកទាំងពីរ ។

នាយឧត្តមសេនីយ៍បន្តថា កាលពីយប់ថ្ងៃទី២៩ ខែកក្កដា គឺបន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ , លោកបានសុំគោលការណ៍ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីនាំយកសាកសពទៅរៀបចំពិធីបុណ្យ នៅអគ្គបញ្ជាការដ្ឋានកងទ័ពអាកាស ។

រហូតមកដល់រសៀលថ្ងៃទី៣០ ខែកក្កដា សាកសពអាកាសយានិកទាំងពីរ ពុំទាន់ត្រូវបានយកមកកាន់ទីបញ្ជាការដ្ឋានទ័ពអាកាស ដើម្បីប្រារព្ធពិធីបុណ្យនៅឡើយទេ ដោយសារអាកាសធាតុមិនល្អ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ក្នុងសន្និសីទកាសែតថា អាកាសធាតុអាក្រក់ ជាឧបសគ្គក្នុងការស្វែងរក ក៏ដូចជាការបញ្ជូនសព។ បើអាកាសធាតុល្អ ត្រឹមតែ២០នាទី ក៏យើងអាចយកសព និងបញ្ជូនសពមកភ្លាម។ ប៉ុន្តែភ្លៀង អ័ព្ទក្រាស់។ អ័ព្ទខ្លាំង ដោយចំងាយតែ៥ម៉ែត្រពីគ្នា ក៏មើលគ្នាមិនគ្នាឃើញឡើយ ។

នាយឧត្តមសេនីយ៍ ក៏បានសុំការយោគយល់ ពីសំណាក់មហាជន ជាពិសេស ក្រុមគ្រួសារសពជាមុន ប្រសិនបើមានការយឺតយ៉ាវ ។

សូមរំលឹកថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរ ម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិសាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា។លើឧទ្ធម្ភាគចក្រមានលោក ស៊ុន ផល្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។ រហូតមកដល់ថ្ងៃទី៣០ ខែកក្កដា បេសកកម្មត្រូវបានបញ្ចប់ ដោយបានរកឃើញ ឧទ្ធម្ភាគចក្រធ្លាក់នៅចំណុចចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងសាកសព អាកាសយានិកទាំងពីរនាក់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner