នាយករដ្ឋមន្ត្រី ៖ កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេស តាមបណ្តោយព្រំដែន គឺប្រជាជន
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេស តាមបណ្តោយព្រំដែន គឺប្រជាជន ។
សម្ដេចធិបតី បានលើកឡើងដូច្នេះ តាមរយៈបណ្ដាញតេលេក្រាម នៅរសៀលថ្ងៃទី៣០កក្កដា ឆ្នាំ២០២៤ ជាមួយនឹងការបង្ហាញពីការធ្វើដំណើរតាមរថយន្ត ចុះពិនិត្យធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែង អំពីស្ថានភាពជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ រស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួន ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្ដាញសង្គមដូច្នេះថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេស តាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាព និងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ ។
ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។
សម្ដេចធិបតី បន្តថា ថ្ងៃនេះ ឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែង អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ៕
ដោយ ៖ វណ្ណលុក