សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែនកម្ពុជា – វៀតណាម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែន កម្ពុជា – វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចះ និងខេត្តមណ្ឌលគីរី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ជាមួយគ្នានេះសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយបងប្អូន អ៊ំពូមីង តាយាយនៅផ្សារកាបី ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ហើយក៏បានបន្តចុះជួបដោយផ្ទាល់សាកសួរសុខទុក្ខកងកម្លាំងដែលកំពុងប្រចាំការនៅតាមគោលដៅការពារព្រំដែនគោកទាំងនៅខេត្តក្រចេះ នៅច្រកទ្វារជ័យឃ្លាំង និងបន្តមកដល់ខេត្តមណ្ឌលគីរីនៅច្រកទ្វារឡាប៉ាខេ នាខេត្តក្រចះ-ខេត្តមណ្ឌលគីរី។
តាមរយៈឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេត្ថារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។
សម្តេចធិបតីបានបន្តថា ថ្ងៃនេះឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត








