មន្ត្រីក្នុងខេត្តកំពង់ធំ ចាប់ខ្លួនពីបទសង្ស័យពុករលួយ (Video Inside)

មន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចមួយរូប ក្នុងខេត្តកំពង់ធំ និងបក្ខពួកម្នាក់ ត្រូវបានចាប់ខ្លួន ដោយក្រុមអង្គភាពប្រឆាំងនឹងអំពើពុករលួយ។

លោក ហេ គឿន អាយុ៥៨ឆ្នាំ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ នៃរដ្ឋបាលក្រុងស្ទឹងសែន ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធករណីចោទប្រកាន់ «បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» ពាក់ព័ន្ធនឹងដីព្រៃលិចទឹក ប្រព្រឹត្តនៅចំណុចតំបន់ស្នងម៉ែន ស្ថិតនៅភូមិស្រយូវត្បូង, សង្កាត់ស្រយូវ ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។

បក្ខពួកម្នាក់ទៀតឈ្មោះ សែ សុងហេង អាយុ៥៨ឆ្នាំ ត្រូវបានចាប់ខ្លួន និងត្រូវបានឃុំបណ្តោះអាសន្នផងដែរ ពីបទ«សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» យោងតាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឆ្នាំ២០១០។

គិតតាំងពីខែមករាឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានបំបែកសំណុំរឿងពុករលួយបានមួយចំនួន ក្នុងនោះរួមមាន សំណុំរឿងពាក់ព័ន្ធនឹងអភិបាលក្រុងកែប, សំណុំរឿងពាក់ព័ន្ធអភិបាលរងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងករណីពុករលួយរបស់គ្រូបង្រៀន ២នាក់ និងមន្ត្រីនៃក្រសួងផែនការ ពាក់ព័ន្ធនឹងករណីក្លែងឯកសាររត់ចូលក្របខណ្ឌរដ្ឋ។

ads banner