ជំនន់ស្ទឹងព្រែកត្នោតលិចចូល ៥សង្កាត់ហើយ (Video Inside)

សង្កាត់ជាយរាជធានីដែលរងនឹងជំនន់ទឹកស្ទឹងព្រែកត្នោត បានកើនឡើងដល់ ៥សង្កាត់ហើយ គិតត្រឹមថ្ងៃទី៣០កក្កដា។

ទឹកស្ទឹងព្រែកត្នោតដែលលិចបានហូរហៀរដោយសារតែការធ្លាក់ភ្លៀងនៅតំបន់ខាងលើ នៃខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ បានលិចសង្កាត់ចំនួនតែ ២ប៉ុណ្ណោះទេ។

មន្ដ្រីអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានថ្លែងថា សង្កាត់ទាំង៥ ដែលរងផលប៉ះពាល់ ពីជំនន់ទឹកនោះ មានដូចជាសង្កាត់គងនយ, សង្កាត់សាក់សំពៅ, សង្កាត់ព្រៃវែង សង្កាត់ទៀន និងសង្កាត់ស្ពានថ្ម។

មន្ត្រីខណ្ឌបានថ្លែងថា ក្នុងសង្កាត់ទាំង៥នោះ មានភូមិចំនួន១៤ ជាមួយផ្ទះ ១៦២ខ្នង ដែលបានរងផលប៉ះពាល់, លិចផ្លូវបេតុងក្នុងភូមិចំនួន៤ខ្សែ, លិចវត្ត «ចំការខ្សាច់», លិចសាលាសង្កាត់ ស្ពានថ្ម១ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានថ្ម១ផងដែរ។ មិនមានសេចក្តីរាយការណ៍អំពីប្រជាពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់ឡើយ។

ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនេះផងដែរ នៅក្នុងខេត្តកំពង់ឆ្នាំងនោះវិញ ទឹកទន្លេត្រូវបានគេរាយការណ៍កើនឡើងខ្ពស់ ខណៈការធ្លាក់ភ្លៀងនៅមិនទាន់ឈប់ឈរ។
អភិបាលស្រុកកំពង់លែង លោក យ៉ែម លក្ខិណា បានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកថ្ងៃទី៣០កក្កដា បញ្ជាក់ថា ស្ថានភាពទឹកនៅក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ គឺទឹកមានកម្ពស់ខ្ពស់ដល់ទៅជាង ១ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ដទៀតថា បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែកើតមានដដែលទេក្នុងសប្ដាហ៍នេះ។

ads banner