មន្ត្រីអង្គការសហប្រជាជាតិកោតសរសើរកងទ័ពមួកខៀវកម្ពុជា (Video Inside)
អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងកោតសសើរកងទ័ពមួកខៀវកម្ពុជាថា មានភាពក្លាហាន សេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវៈ ក្នុងបេសកកម្ម ដើម្បីសន្តិភាពពិភពលោក។
ប្រសាសន៍ថ្លែងកោតសសើររបស់ លោក ចូសេហ្វ ស៊ូអើ បានធ្វើឡើងនៅថ្ងៃទី៣០កក្កដា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ ៤២៣ ដែលបានបញ្ចប់បេសកកម្ម ពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងជាកងកម្លាំងចុងក្រោយ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។
ក្នុងពិធីនោះ ក៏មានការផ្ទេរប្រគល់ថវិការបបគោលនយោបាយ អ.ស.ប ដល់យោធិនរបួស និងប្រកាសដាក់ឲ្យប្រើប្រាស់របាយការណ៍ គម្រោងវិភាគឧបសគ្គ នៃការចូលរួមរបស់ស្រ្តី ក្នុងបេសកកម្មរក្សាសន្តិភាព MOWIP ផងដែរ។
លោក ចូសេហ្វ ស៊ូអើ បានកោតសរសសើរថា «កម្ពុជាមានប្រពៃណីល្អ ក្នុងការរក្សាសន្តិភាព ដែលមានកងរក្សាសន្តិភាពកម្ពុជាជាង ៩៥០០នាក់ ដែលបានបំពេញបេសកកម្មក្នុង ១០ប្រទេស »។
តំណាងអង្គការសហប្រជាជាតិរូបនេះ នៅបានលើកឡើងផងដែរថា កម្ពុជាជារដ្ឋសមាជិកអាស៊ានឈានមុខគេមួយ ក្នុងការជំរុញរបៀបវារៈសន្តិភាព និងសន្តិសុខស្ត្រី ក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងបញ្ជាក់ការប្តេជ្ញាថា រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភានេះ គឺគ្មានការរារែកឡើយក្នុងការបន្តបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់បណ្តាប្រទេស នៅលើពិភពលោក ដែលកំពុងត្រូវការសន្តិភាពនោះ។