អគ្គរដ្ឋអាជ្ញាឡាវ ប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយ​កម្ពុជា

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៤ ឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃមហាអយ្យការអម​តុលាការប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាន​គោរព​ជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នៅកម្ពុជា នាឱកាស​នេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងមហា​អយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គរដ្ឋអាជ្ញា ក៏បានគោរពជម្រាបជូនបន្ថែម អំពីលទ្ធផលសំខាន់ៗ​ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) ការសម្រេច​បាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិតឡាវ និងមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា (២) ការបណ្តុះបណ្តាល និងការបន្តការផ្លាស់ប្ដូរទស្សនកិច្ច ព្រមទាំងការបន្ត​ការ​ចែករំលែកបទពិសោធន៍ និងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម​ឆ្លង​ដែន និងការជួញដូរគ្រឿងញៀន និង(៣) ការបន្តជួយគាំទ្រគ្នាទៅវិញ​ទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឯកឧត្តមអគ្គរដ្ឋអាជ្ញា បានប្ដេជ្ញា​ចិត្ត​ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយមហាអយ្យការ​អមតុលាការកំពូលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតីបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងមិត្តភាព​ដ៏យូរអង្វែង រវាងកម្ពុជា និងឡាវ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរីក​ចម្រើន នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

សម្ដេចធិបតីក៏បានអបអរសាទរចំពោះលទ្ធផលដែលទទួលបានខាងលើ ដែលជាការរួមចំណែក និងគាំទ្រកិច្ចសហប្រតិបត្តិការជារួម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner