៣១កក្កដា៖ ខួបលើកទី១៥ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់​អង្គការយូណេស្កូ

ភ្នំពេញ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី១៥ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុង​បញ្ជី​ស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ (៣១ កក្កដា ២០០៩ – ៣១ កក្កដា ២០២៤)។

​បណ្ណសារ​សារមន្ទីរ​ទួលស្លែង ត្រូវបានគណៈកម្មាធិការប្រឹក្សា​អន្តរជាតិ កម្មវិធីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូល​ទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នាទីក្រុងប្រ៊ីតថោន ប្រទេស​បារបាដូស។

បណ្ណសារសារមន្ទីរទួល​ស្លែង ​ជាភស្ដុតាងដ៏សំខាន់បំផុត បង្ហាញពីអំពើ​ឧក្រិដ្ឋកម្ម​កើតឡើង ក្នុងសម័យខ្មែរក្រហម។ សារមន្ទីរទទួល​បានការ​សម្រប​សម្រួល​ជាច្រើនពីសហគមន៍​អន្តរជាតិ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេសភ្នាក់ងារកយកា(KOICA)​​របស់កូរ៉េខាងត្បូង តាមរយៈការសម្របសម្រួលរបស់អង្គការយូណេស្កូ ក្នុងការអភិរក្ស និងថតចម្លងឯកសារទាំងនេះ ព្រមទាំងផ្ដល់​ភាព​ងាយស្រួល ក្នុងការ​ស្វែងរកព័ត៌មានរបស់ជនរងគ្រោះពីសាច់ញាតិ និងផ្ដល់ការប្រើប្រាស់​ឯកសារ តាមប្រព័ន្ធអ៊ីធឺណិត។

សូមជម្រាបថា ស្មារតីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីររបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែក​ប្រវត្តិសាស្ត្រ​របស់ឯកសារទាំងនោះ។នៅឆ្នាំ២០២០ គម្រោង​ថតចម្លង និងអភិរក្សបណ្ណសារ ក៏បានទទួលពានរង្វាន់ ’’ជីកជី” នៃស្មារតី​ចងចាំពិភពលោកប្រចាំឆ្នាំ២០២០ ដោយទទួលស្គាល់​ពីតួនាទី​របស់សារមន្ទីរទទួលស្លែង ក្នុងការលើកម្ពស់សន្តិភាព និងការ​ធានាការមិនកើតឡើងវិញនៃឧក្រិដ្ឋកម្មនេះ តាមរយៈ​បណ្ណសារ​របស់ខ្លួន។

ទួលស្លែង ឬត្រូវបានគេស្គាល់ថាជាពន្ធធនាគារ ស-២១ គឺជាមណ្ឌលសួរចម្លើយ និងសម្លាប់រង្គាលមួយក្នុង​របបកម្ពុជា​ប្រជាធិប​តេយ្យ (១៩៧៥-១៩៧៩)។ អតីតអគារសាលារៀន ស-២១ ធ្លាប់ជាគុកសម្រាប់ដាក់អ្នកទោសជាង ១៨ ០០០នាក់ និងក្រុមគ្រួសា​រ​ពួកគេដែលភាគច្រើនជាសមាជិកខ្មែរក្រហមខ្លួនឯង។ អ្នកទោសត្រូវបានធ្វើទារុណកម្ម និងសម្លាប់ជាប្រព័ន្ធ​នៅនឹងកន្លែង ឬនៅវាល​ពិឃាតជើងឯក។ នៅឆ្នាំ១៩៧៩ មន្ទីរ ស-២១ ត្រូវបានចាត់ទុកជាភស្តុតាងដ៏សំខាន់មួយសម្រាប់ឧក្រិដ្ឋកម្ម ដែលបានកើតឡើង​ក្នុងរបបនេះ ហើយបានប្រែក្លាយទៅជាសារមន្ទីរ។ សព្វថ្ងៃ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានរៀបចំការ​តាំងពិព័រណ៍​អចិន្ត្រៃយ៍អំពីប្រវត្តិសាស្ត្រនៃទីតាំងនេះ និងដើរតួនាទីជាបូជនីយដ្ឋាននៃការចងចាំជនរងគ្រោះ ដែលត្រូវបានគេធ្វើ​ទុក្ខបុកម្នេញ និងសម្លាប់នៅក្នុងរបបខ្មែរក្រហម៕
ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner