សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ឡាវ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ តាមបណ្តាខេត្តជាប់ព្រំដែន
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកទឹកចិត្តឱ្យកងទ័ព នៃប្រទេសកម្ពុជា និងឡាវ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន ។
សម្ដេចធិបតី បានថ្លែងដូច្នេះ ក្នុងឱកាសអនុញាតិឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ កក្កដា ២០២៤ ។
ក្នុងឱកាសនៃជំនួប ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។
ឯកឧត្តម អនុរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែម អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ (២) ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាលធនធានមនុស្ស និង(៣) ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ។
សម្ដេចធិបតី បានសម្ដែងនូវក្តីរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងភាពជិតស្និទ្ធ នៃទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានគាំទ្រការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កងទ័ពកម្ពុជា-ឡាវ ជាពិសេស ការផ្លាស់ប្ដូរដំណើរទស្សនកិច្ច នាយទាហានជាន់ខ្ពស់ ការបង្កើនការបណ្តុះបណ្តាលសិក្ខាកាម ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា សម្រាប់ការជួយសង្គ្រោះ ក្នុងគ្រាមានគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន ។
សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងពិភាក្សាស្វែងរកនូវសកម្មភាពថ្មីៗ សំដៅផ្លាស់ប្តូរបទពិសោធន៍ ដែលនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ លើគ្រប់វិស័យ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ