មន្រ្តីក្រុងស្ទឹងសែននិងអ្នកពាក់ព័ន្ធត្រូវបានអយ្យការអមតុលាការខេត្តកំពង់ធំចោទប្រកាន់ករណីឈូសឆាយនិងកាន់កាប់ដីតំបន់ហាមឃាត់
កំពង់ធំ៖យោងសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០២៤តំណាងអយ្យការបានទទួលចាត់ការសំណុំរឿងព្រហ្មលេខ៧៥១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ទាក់ទិននឹងករណី បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក)ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមក។
ប្រភពដដែលបន្តថា ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងពិនិត្យភស្តុតាង ព្រមទាំងឯកសារពាក់ព័ន្ធក្នុងសំណុំរឿងរួចមក តំណាងអយ្យការបានសម្រេចចោទប្រកាន់លើបុគ្គលពីររូប ។ទីមួយឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ តួនាទី ជាប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ក្រុងស្ទឹងសែន ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងទីពីរឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ពីបទសមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តទៅនៅចំណុចដីតំបន់ស្នងម៉ែន ជាតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំកាលពីថ្ងៃទី២០ ខែមីនា ២០២៣ តាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើរពុករលួយឆ្នាំ២០១០ ។
គួររំលឹកថា កន្លងមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់បទបញ្ជាឱ្យរដ្ឋបាលខេត្តទាំងប្រាំមួយជុំវិញបឹងទន្លេសាប ការពារដីតំបន់៣ ឱ្យបានជាដាច់ខាត ។ដោយឡែកកាលពីពេលថ្មីៗកន្លងទៅនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានប្រកាសចាត់វិធានការតឹងរ៉ឹងបំផុតចំពោះសកម្មកាប់ទន្រ្ទានដីនៅតំបន់៣៕
ដោយ៖ប៊ុនរដ្ឋា