ភាពប្រឆាំងអំពើពុករលួយកម្ពុជា-ថៃ-ឡាវ ជួបគ្នាលើទឹកដីអង្គរ
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា អាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ បានជួបប្រជុំក្រុមការងារត្រីភាគីលើកទី៣ រយៈពេលពីរថ្ងៃនៅលើទឹកដីនៃខេត្តសៀមរាប ខណៈកម្ពុជាធ្វើម្ចាស់ផ្ទះ។
កិច្ចប្រជុំដែលប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និង ឯកឧត្ម ស្នងការ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រថៃ ឯកឧត្តមអនុប្រធាននៃ អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ក្នុងឱកាសនេះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង មានប្រសាសន៍ថា អំពើពុករលួយជាបញ្ហាធ្ងន់ធ្ងរ ស្មុគស្មាញ និងមានលក្ខណៈឆ្លងដែន ហើយប្រាកដណាស់គ្មានប្រទេសណាអាចកម្ចាត់វាតែម្នាក់ឯងបានទេ។ នេះជាមូលហេតុដែលយើងត្រូវរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីប្រជាជនយើង និងប្រទេសរៀងៗខ្លួន។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមិនមែនគ្រាន់តែជាការអនុម័តបទប្បញ្ញត្តិ និងច្បាប់ និងការអនុវត្តបទប្បញ្ញត្តិ និងច្បាប់ទាំងនោះប៉ុណ្ណោះទេ ការងារនេះទាមទារពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើនដែលយើងមានលើវិធានការចាំបាច់ចំនួនពីរ គឺ ការអប់រំ និងការបង្ការទប់ស្កាត់។
ឯកឧត្តមបានបញ្ជាក់ថា វិធានការទាំងពីរនេះអាចអនុវត្តជាទម្រង់ និងបែបបទ ព្រមទាំងមធ្យោបាយ និងយុទ្ធសាស្ត្រផ្សេងៗគ្នា អាស្រ័យលើបរិបទ និងអាទិភាពរបស់ប្រទេសនីមួយៗ ។ប៉ុន្តែគោលបំណងរួមគឺ ដើម្បីធ្វើឱ្យសង្គមមានអំពើពុករលួយតិចជាងមុន និងចុងក្រោយគឺរួចផុតពីអំពើពុករលួយ៕
ដោយ៖ប៊ុនរដ្ឋា