វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលបីខេត្តនៅភាគនិរតី
កំពត៖ កាលពីថ្ងៃទី២៩-៣០ ខែកក្កដាឆ្នាំ២០២៤វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស)បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តតាកែវ កំពត និងខេត្តកែបក្រោមការអញ្ជើញចូលរួមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ។វេទិកាដែលប្រារព្ធនៅខេត្តតាកែវក៏មានការចូលរួមពីលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ ,ខេត្តកំពតនិងកែប មានការចូលរួមពីលោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត និងតំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តទាំងបី រួមទាំងសមាជិកដៃគូសហការរបស់ វ.ស.ស.។
នេះជាកិច្ចប្រជុំដែលវ.ស.ស រៀបចំធ្វើជារៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិលនៅថ្នាក់ ក្រោមជាតិ ហើយនៅឆ្នាំនេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើនដែលអង្គការសង្គមស៊ីវិលទទួលបានពីគម្រោងកម្មវិធីរបស់ វ.ស.ស ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប្រចាំខេត្តនីមួយៗ។
បន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិនពាក់ព័ន្ធមក វេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់៕
ដោយ៖ សិលា សារិន