លោកអភិបាលស្រុកស្ទោងរំលឹកដល់អាជ្ញាធរមូលដ្ឋានត្រូវយកទុកដាក់លើជំនន់ទឹកភ្លៀង,ជំនន់ទឹកស្ទឹងស្ទោង និងផលប៉ះពាល់

កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញពិនិត្យស្ថានភាពទឹកជំនន់ និងស្រែស្រូវរបស់ប្រជាកសិករដែលជន់លិចដោយជំនន់ទឹកភ្លៀងនិងជំនន់ទឹកស្ទោងនៅក្នុងភូមិសាស្ត្រឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ក្នុងឳកាសនេះលោក សាយ គឹមឡម បានណែនាំបន្ថែមដល់អាជ្ញាធរភូមិ/ឃុំ និងជំនាញពាក់ព័ន្ធ ត្រូវធ្វើការតាមដានពីផលប៉ះពាល់ស្ថានភាពទឹកជំនន់ជាប្រចាំ និងរាយការណ៍ជាបន្ទាន់ទៅរដ្ឋបាលស្រុក ដើម្បីមានវិធានការជួយសង្គ្រោះក៏ដូចជាវិធានការទប់ទល់ និងកាយរំដោះទឹក ហើយធ្វើរបាយការណ៍បូកសរុប ឳ្យបានទាន់ពេលវេលា។

លោក សាយ គឹមឡម បានបញ្ជាក់ថា ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តឥតឈប់ជាពិសេសភ្លៀងខ្លាំងនៅក្បាលស្ទឹងស្ទោងដែលធ្វើឱ្យនៅអាង៣០កញ្ញា និងបណ្ដោយស្ទឹងស្ទោងបន្តហក់ឡើងជារៀងរាល់ថ្ងៃ ជាហេតុនឹងបង្កឱ្យមានការជន់លិចនៅតាមបណ្ដោយស្ទឹងនៅក្នុងភូមិសាស្ត្រឃុំម្សាក្រងបន្តទៅទៀត។

 គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ ស្រុកស្ទោងទាំងមូលមានតែភូមិសាស្រ្ត ឃុំម្សាក្រងមួយទេ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងនោះមាន ភូមិប្រគាប គោកទ្រា អូរដូង និងភូមិកំពង់ប្រដុំ ជាមួយនឹងស្រូវស្រែចំនួន១១៨ហិកតា នៃ ១២៦គ្រួសារ៕
ដោយ ៖ ប៊ុន រដ្ឋា

ads banner