អន្ទង់អាំងជប៉ុន ពុលស្លាប់មនុស្ស
តូក្យូ៖ មនុស្សម្នាក់បានស្លាប់ និង១៤០នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យក្រោយពីពួកគេបាន បរិភោគអន្ទង់អាំង ឬ ជប៉ុនហៅថា Unagi។
ហេតុការណ៍នេះបានកើតឡើង កាលពីសប្តាហ៍មុន នៅក្នុងហាង Keikyu ក្នុងទីក្រុង Yokohama ដោយពួកគេបានទិញអាហារប្រអប់ថ្ងៃត្រង់ ដែលមានអន្ទង់អាំង ដែលគេផ្សំគ្រឿងជាលក្ខណៈ អាហារបែបប្រពៃណីរបស់ជប៉ុន។
ម្ចាស់ហាងឈ្មោះ Shinji Kaneko កាលពីថ្ងៃចន្ទ បានសុំទោស និង ចូលរួមរំលែកទុក្ខ ក្រោយកើតហេតុ ហើយប្រកាសទទួលខុសត្រូវ ថា ខ្លួនពិតជាចម្អិននិងលក់អាហារទាំងនេះ។ យ៉ាងណាមិញ កម្រិតទោស នៃទទួលខុសត្រូវ មិនត្រូវបានបង្ហើបឲ្យដឹង នៅឡើយទេ។
មន្ត្រីសុខាភិបាលបានរកឃើញបាក់តេរីមួយប្រភេទ ហៅថា Staphylococcus Aureus នៅក្នុងអាហារនេះ។
អន្ទង់ជប៉ុន ជាអាហារពេញនិយម នៅក្នុងប្រទេសជប៉ុន និងតាមបណ្តា ប្រទេសជាច្រើននៅអាស៊ី ជាពិសេសអន្ទង់អាំងលាយជាមួយ ទឹកស៊ីអ៊ីវ និង ស្រាអង្ករ Mirin។
ក្នុងមួយឆ្នាំជនជាតិជប៉ុនបរិភោគអន្ទង់ប្រមាណ ១២ម៉ឺនតោន ដែលភាគច្រើនជាអន្ទង់ចិញ្ចឹមក្នុងស្រុក និងមួយចំនួនទៀតនាំចូលពីប្រទេសចិន តៃវ៉ាន់ កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ នេះបើតាមអង្គការស្បៀង អាហារពិភពលោក ហៅកាត់ថា FAO ។
ទន្ទឹមនឹងនោះ ជប៉ុន ក៏នាំអន្ទង់ចេញវិញផងដែរ។ កាលពីឆ្នាំ២០២២ ជប៉ុនបាននាំចេញអន្ទង់ តម្លៃ៧.៥១លានដុល្លារអាមេរិក ដែលបានធ្វើឲ្យជប៉ុន ក្លាយជាប្រទេសនាំចេញអន្ទង់ ធំជាងគេ លំដាប់ទី ៨ លើពិភពលោក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត