ថៃបិទផ្លូវរថភ្លើងរូងក្រោមដីវិញ បន្ទាប់ពីបើកបាន ២ថ្ងៃ

បាងកក៖ កាសែត Bangkok Post បានចុះផ្សាយ កាលពីថ្ងៃអង្គារថា បន្ទាប់ពីអ្នកដំណើរត្អូញត្អែរអំពីធូលីដីក្រាស់ ខ្លាំងពេក អាជ្ញាធររថភ្លើងរដ្ឋថៃ ហៅកាត់ SRT បានបិទផ្លូវរថភ្លើងរូងក្រោមដី វែងបំផុតរបស់ប្រទេស មួយនេះវិញ ពោលគឺក្រោយពេលបើកដំណើរការ បានរយៈពេលពីរថ្ងៃ ដោយត្រូវរង់ចាំការសម្អាត រយៈពេល១៤ថ្ងៃសិន ទើបអាចបើកឡើងវិញ។

ប្រធានអាជ្ញាធរ SRT បាននិយាយថា អ្នកដំណើរ នៅភាគឦសាន បានត្អូញត្អែរ ពីបញ្ហានេះ ក្រោយពេល ពួកគេបានធ្វើដំណើរ តាមផ្លូវរូងក្រោមដី នៅស្ថានីយ Pha Sadet ស្ថិតក្នុងខេត្ត Saraburi ដូច្នេះ SRT បានបញ្ជាឱ្យអ្នកម៉ៅការ សម្អាតផ្លូវរូងក្រោមដី ក្នុងរយៈពេល២សប្តាហ៍។ ប្រភពបន្តថា មុននឹងបើកដំណើរ ការ អ្នកម៉ៅការបានប្រើបច្ចេកទេសសម្អាតធូលី ចេញពីផ្លូវរូងក្រោមដីមួយនេះដែរ ប៉ុន្តែ ក្រោយមក ខ្យល់ បានបក់ ចូលមកវិញ។

អ្នកដំណើរបង្ហាញក្តីបារម្ភពីការប៉ះពាល់ដល់សុខភាព ដោយសារតែដីហុយ បើទោះបីជាពួកគេពាក់ម៉ាស់ ក៏ដោយ។

អាជ្ញាធរ គ្រោងនឹងបើកដំណើរការ ផ្លូវរូងក្រោមដីថ្មី ប្រវែង៥.៤គីឡូម៉ែត្រមួយនេះ ឡើងវិញ នៅថ្ងៃទី១២ ខែសីហា។ នៅពេលនេះ អ្នកដំណើរត្រូវប្រើប្រាស់ផ្លូវដែកចាស់ ជំនួសបណ្តោះអាសន្ន៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner