លោក គីម ជុងអ៊ុន ជិះទូកពិនិត្យស្ថានភាពទឹកជំនន់

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង ហៅកាត់ KCNA កាលពីថ្ងៃពុធ បានបង្ហាញពីរូបភាពមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជិះទូកកៅស៊ូ ពិនិត្យមើលទីតាំងខូចខាត ដោយសារទឹកជំនន់ នៅតំបន់ Sinuiju ក្នុងខេត្ត North Pyongan បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង កាលពីពេលថ្មីៗនេះ ។

រូបភាពក៏បានបង្ហាញពី លោក គីម ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នៅក្នុងរថភ្លើងពិសេស ដើម្បីពិភាក្សាអំពីស្ថានការណ៍ ទឹកជំនន់ ទៀតផង។ ប្រភពបន្តថា កាលពីថ្ងៃចន្ទថា កូរ៉េខាងជើងបានដាក់ពង្រាយឧទ្ធម្ភាគចក្រយោធា ដើម្បីនាំមនុស្សរាប់ពាន់នាក់ ដែលជាប់គាំង នៅក្នុងតំបន់រងគ្រោះ ទៅកាន់ទីសុវត្ថិភាព។

កូរ៉េខាងជើងកំពុងបន្តទទួលរងនូវជំនន់ទឹកភ្លៀងខ្លាំង បំបែកកំណត់ត្រា ដែលមិនធ្លាប់មាន ពីមុនមក។ រដ្ឋបាលឧតុនិយមរបស់កូរ៉េខាងត្បូង បាននិយាយថា វាជាកំណត់ត្រាខ្ពស់បំផុត នៅកូរ៉េខាងជើង ក្នុងរយៈពេល ២៩ឆ្នាំ។

គ្រោះមហន្តរាយធម្មជាតិមានឥទ្ធិពល កាន់តែខ្លាំង ទៅលើភាគខាងជើង ដាច់ស្រយាល និងក្រីក្រ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមិនល្អ រួមជាមួយនឹងកាប់បំផ្លាញព្រៃឈើ។

ក្រសួងបរិស្ថានរបស់កូរ៉េខាងត្បូង បាននិយាយ កាលពីដើមខែកក្កដាថា កូរ៉េខាងជើងទំនងជាបានបញ្ចេញទឹកចេញពីទំនប់ Hwanggang នៅជិតព្រំដែនអន្តរកូរ៉េ ដោយគ្មានការជូនដំណឹងជាមុន ជាអ្វីដែលពួកគេមិនបានធ្វើ ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner