បំណុលអាមេរិកហក់ដល់ ៣៥ពាន់ពាន់លានដុល្លារ ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត
វ៉ាស៊ីនតោន៖ គណៈកម្មាធិការថវិកានៃសភាអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា គិតមកទល់ពេលនេះ បំណុលជាតិ របស់សហរដ្ឋអាមេរិកកើនឡើងលើស ៣៥ពាន់ពាន់លានដុល្លារ ខណៈតួលេខនេះបានឈានដល់កម្រិត ប្រវត្តិសាស្រ្ត។
បំណុលនេះបានកើនឡើង ក្នុងអាណត្តិនៃការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងអតីតប្រធានាធិបតី លោក Donald Trump។
នៅពេលលោក Trump អស់តំណែង បំណុលជាតិអាមេរិកបានកើនឡើងឈានដល់ ២៧.៧ពាន់ពាន់ លានដុល្លារ ក្នុងនោះ មានជាងពាក់កណ្តាល គឺជាការខ្ចីប្រាក់ទាក់ទងនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយនិន្នាការនេះ នៅតែបន្តក្រោមការដឹកនាំរបស់លោក Biden ដោយបំណុលបានកើនឡើងដល់ ៣៥ពាន់ពាន់លានដុល្លារ។
ទោះបីជាយ៉ាងណា មានការរំពឹងទុកថា បើសិនលោក Donald Trump ឈ្នះឆ្នោតនៅខែវិច្ឆិកាមែន គណបក្សសាធារណរដ្ឋនឹងអាចបន្ធូរបន្ថយស្ថានការណ៍នេះបាន ប៉ុន្តែ មិនបញ្ជាក់ថា តាមវិធីណានោះទេ៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា