ចិនចាយ ៤០០ពាន់លានដុល្លារជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម

ប៉េកាំង៖ បណ្តាក្រុមហ៊ុនសហគ្រាសរដ្ឋរបស់ប្រទេសចិន គ្រោងបោះទុនវិនិយោគចំនួន ៤១៣ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីធ្វើទំនើបកម្មគ្រឿងចក្រ និងបច្ចេកវិទ្យា ក៏ដូចជាជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរបស់ខ្លួន។

គណៈកម្មាធិការគ្រប់គ្រង និងឃ្លាំមើលទ្រព្យសម្បត្តិរដ្ឋចិន ហៅកាត់ថា (SASAC) ដែលនឹងទទួលបន្ទុកដឹកនាំគំនិតផ្ដួចផ្ដើមនេះ បាននិយាយថា ការបោះទុនវិនិយោគដ៏ធំសម្បើមនេះ គឺដើម្បីធ្វើទំនើបកម្មគ្រឿងចក្រ និងការផ្ដាស់ប្ដូរដោយងាកមកប្រើបច្ចេកវិទ្យាជាន់ខ្ពស់ ដែលមានប្រសិទ្ធភាពជាងមុន, មានសុវត្ថិភាពជាងមុន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

គំនិតផ្ដួចផ្ដើមនេះ គឺដើម្បីធានាថា គ្រប់ក្រុមហ៊ុនសហគ្រាសចិនទាំងអស់ទទួលបានឱកាស និងការប្រកួតប្រជែងស្មើភាពគ្នា ហើយក៏ដើម្បីផ្ដោតការយកចិត្តទុកជាក់ជាពិសេសលើឧស្សាហកម្មជាយុទ្ធសាស្ត្រនានាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

លើសពីនេះទៀត រដ្ឋាភិបាលចិន នឹងផ្ដល់ការឧបត្ថម្ភធនដល់បណ្ដាក្រុមហ៊ុនសហគ្រាសរដ្ឋក្នុងទំហំរហូតដល់ទៅជាង៤១ពាន់លានដុល្លារអាម៉េរិកផងដែរ សម្រាប់ការធ្វើទំនើបកម្មឧបករណ៍ ឬគ្រឿងចក្រចាស់ៗ និងទំនិញប្រើប្រាស់ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សំដៅយកប្រៀបនៅក្នុងការប្រកួតប្រជែងលើទីផ្សារ។

យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញថា ក្រុមហ៊ុនសហគ្រាសរដ្ឋសម្រេចបានប្រាក់ចំណេញសរុបជាង ៣១១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ធ្លាក់ចុះ ៣.៤ភាគរយ ខណៈដែលក្រុមហ៊ុនសហគ្រាសឯកជនទទួលបានប្រាក់ចំណេញសរុបជាង ៣២២ពាន់លានដុល្លារ កើនឡើង ២ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Globaltimes៕ ប្រភព៖ Nikkei Asia ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner