ស្ថាបនិក Telegram មានកូនជាង ១០០នាក់ ក្នុងប្រទេសចំនួន១២
ម៉ូស្គូ៖ ស្ថាបនិកកម្មវិធី Telegram លោក Pavel Durov បានទម្លាយថា គាត់បានផ្តល់កំណើតដល់ទារកជាង ១០០នាក់ នៅក្នុងប្រទេសចំនួន១២ តាមរយៈការបរិច្ចាគមេជីវិតឈ្មោល។
សហគ្រិនផ្នែក IT ជនជាតិរុស្សីរូបនេះ បាននិយាយថា គាត់បានចាប់ផ្តើមបរិច្ចាគមេជីវិតឈ្មោលកាល ពី១៥ឆ្នាំមុន នៅពេលដែលមិត្តម្នាក់បានមករកគាត់ ជាមួយនឹងសំណើសុំមេជីវិតរបស់លោក។
លោក Durov បានដកស្រង់សម្តីវេជ្ជបណ្ឌិតដែលនិយាយថា មេជីវិតឈ្មោលរបស់អ្នកបរិច្ចាគដែលមាន គុណភាពខ្ពស់ គឺខ្វះខាតខ្លាំង។ ដូច្នេះហើយលោកស្ម័គ្រចិត្ត បរិច្ចាគមេជីវិតឈ្មោលដោយមិនបញ្ចេញឈ្មោះ ដើម្បីជួយគូស្វាមីភរិយាដែលកាន់តែច្រើនឡើង ដែលពិបាកមានកូន។
Durov បាននិយាយថា ឥឡូវនេះគាត់មានបំណងបង្ហាញលេខកូដ DNA របស់គាត់ ដើម្បីធ្វើឱ្យវាងាយ ស្រួលសម្រាប់កូនៗរបស់គាត់ ក្នុងការស្វែងរកគ្នាទៅវិញទៅមក។
លោកនិយាយថា ជាច្រើនឆ្នាំបន្ទាប់ពីលោកឈប់ផ្តល់មេជីវិតយ៉ាងហោចណាស់មានគ្លីនិក IVF មួយនៅតែមានមេជីវិតឈ្មោលរបស់គាត់ ដែលអាចប្រើបានសម្រាប់គ្រួសារដែលចង់មានកូន។
លោក Durov ដែលមិនទាន់រៀបការបាននិយាយទៀតថា គាត់ដឹងថា “មានហានិភ័យ” ប៉ុន្តែលោកមិន សោកស្តាយទេ ដែលបានធ្វើជាម្ចាស់ជំនួយ។
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា