វគ្គបំប៉ន ៣ថ្ងៃជាការពង្រឹងប្រសិទ្ធភាពការងារដឹកនាំការប្រកួត​ប្រដាល់គុនខ្មែរ​ឈានទៅរកភាពស៊ីសង្វាក់គ្នា និងជាធ្លុងតែមួយ

ភ្នំពេញ៖ ឧត្តម សេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា វគ្គបំប៉នដល់មន្រ្តីគ្រប់គ្រងការប្រកួត និងចៅក្រមអាជ្ញាកណ្តាល​គុនខ្មែរ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមគម្រោងថវិកា​គាំ​ទ្រ​​របស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានដំណើរអស់រយៈពេល ៣ថ្ងៃនេះ ពិតជាផ្តល់នូវសារៈសំខាន់ខ្លាំងណាស់​ក្នុងការអនុវត្តការងារ​ដឹកនាំ​ការប្រកួតប្រកបដោយប្រសិទ្ធភាពខ្ពស់ មានភាពស៊ីសង្វាក់គ្នា និងរួមគ្នាជាធ្លុងតែមួយ។

ការថ្លែងរបស់ ឯកឧត្តម ខូវ ឆយ បានធ្វើឡើងក្នុងពិធីបិទ វគ្គបំប៉ន មន្រ្តីគ្រប់គ្រងការប្រកួត និងចៅក្រម អាជ្ញាកណ្តាល ប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី៣១ ខែ កក្តដា ឆ្នាំ២០២៤ នៅសាលប្រជុំ អគ្គនាយកដ្ឋានកីឡា ក្នុងពហុកីឡដ្ឋានជាតិ។

ឯកឧត្តម បានថ្លែងគូបញ្ជាក់ថា សកម្មភាពដឹកនាំការប្រកួតកន្លងមក តែងតែ​មានបញ្ហាកើតឡើងផ្សេងៗ ដែលទាំងអស់នេះ គឺបានកើតឡើង ដោយភាព​មិន​ស៊ីសង្វាក់គ្នា មិនឯកភាពគ្នាក្នុងការដឹកនាំ ឬការដាក់ពិន្ទុរបស់មន្រ្តីចៅក្រម មិនមានការឯកភាពគ្នា ការវាយតម្លៃផ្ទុយគ្នាទៅលើលទ្ធផលនៃការប្រកួត ដោយការយល់ឃើញមិនមែនជាបទដ្ឋានតែមួយ។ ដូច្នោះហើយបានធ្វើឱ្យការ​វិនិឆ្ឆ័យ​មិនស៊ីសង្វាក់គ្នាបង្កើតឡើងជាបញ្ហា តរ៉ា និងប្តឹងផ្តល់បានកើតឡើង។

វគ្គបំប៉នរយៈពេល៣ថ្ងៃនេះ សហព័ន្ធបានបញ្ជ្រាបនិងធ្វើកំណែទម្រង់ផ្ទៃក្នុង​ជាដំណាក់កាលៗ ដោយបានកែសម្រួលនូវបទបញ្ជាបច្ចេកទេស​គ្រប់​គ្រង​ការប្រកួតឱ្យការអនុវត្តទៅតាមស្តង់ដារតែមួយ ដើម្បីកាត់បន្ថយបញ្ហា​ប្រឈមនានា។

ប្រធានសហព័ន្ធ ខាងលើ បានគូសបញ្ជាក់ទៀតថា វគ្គបំប៉ននេះ គឺមិនមានអ្វីថ្មីប្លែកមកពីណានោះទេ គឺសុទ្ធតែលោកគ្រូ អ្នកគ្រូទាំងអស់បានចេះបានដឹងបានជ្រាបពីមុនមកហើយ គ្រាន់ថានេះ យើងបានរៀបរៀង និងមានការកែតម្រូវខ្លះៗអំពីបទបញ្ជាបច្ចេកទេសការប្រកួតឱ្យស្របជាមួយបទបញ្ជាបច្ចេកទេសការប្រកួតជាសកល ដើម្បីឱ្យអន្តរជាតិគេមកប្រកួតដោយមានភាពជឿជាក់ និងមានទំនុកចិត្តលើការដាក់ពិន្ទុរបស់ចៅក្រមអាជ្ញាលកម្ពុជា។

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ សង្ឈឹមជឿជាក់ថា ចំណេះដឹងទទួលបានពីវគ្គបំប៉នរយៈពេល៣ថ្ងៃនេះ សិក្ខាកាមទាំងអស់ នឹងមានចំណេះដឹងដូចគ្នា និងមានការយល់ឃើញប្រហាក់ប្រហែលគ្នា អាចឱ្យយើងយកទៅអនុវត្តរៀបចំដឹកនាំការប្រកួតប្រដាល់គុនខ្មែរ មានភាពស៊ីសង្វាក់គ្នាជាធ្លុងតែមួយឈានទៅរកភាពជោគជ័យតាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ប្រធានសហព័ន្ធ បានថ្លែងអំណរគុន ដល់ក្រសួងអប់រំយុវជន និងកីឡា ដែលតែងតែយកចិត្តទុកដាក់ចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយគាំទ្រឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដើម្បីដំណើរការងាររដ្ឋបាល បណ្តុះបណ្តាល និងការងារប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ។ការជួយឧបត្ថម្ភគាំទ្រនេះ បានធ្វើឱ្យសហព័ន្ធប្រដាល់គុនខ្មែរមានការរីកចំរើន ទាំងផ្នែកធនធានមនុស្ស ផ្នែករដ្ឋបាល ផ្នែកការងារបច្ចេកទេស បានធ្វើឱ្យមានមានការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ខ្លាំងពីទស្សនិកជនគាំទ្រវិស័យកីឡាគុនខ្មែររបស់យើង ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner