គណៈកម្មការទី៣ នៃរដ្ឋសភា បានចុះបំពេញបេសកកម្ម លើវិស័យកិច្ចការទទួលខុសត្រូវ របស់ខ្លួន នៅខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ គណ:ប្រតិភូគណៈកម្មការផែនការវិនិយោគកសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹកនិងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ អញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលត្រូវជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានជម្រាបជូនកិច្ចប្រជុំថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តត្បូងឃ្មុំនាពេលនេះ ដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួន និងលទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្តដែលសម្រេចបាន ប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ ដូចជាការងារវិនិយោគ កសិកម្ម បរិស្ថាន និងធនធានទឹកនៅក្នុងខេត្ត តើការអនុវត្តន៍ច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តរួចហើយ បានជួបប្រទះនូវការលំបាក និងមានបញ្ហាប្រឈមអ្វីខ្លះ?
នៅក្នុងជំនួបពិភាក្សាដើម្បីជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរឡើង ឯកឧត្តម ពាង ណារិទ្ធ អភិបាលខេត្តស្តីទី និងមន្ទីរជំនាញពាក់ព័ន្ធ បានជម្រាបជូនពីសមិទ្ធផលការងារដែលអាជ្ញាធរខេត្តត្បូងឃ្មុំសម្រេចបានកន្លងមក ជូនគណៈកម្មការរដ្ឋសភាបានជ្រាប ។ ទន្ទឹមនឹងនោះ ការធ្វើពិពិធកម្មវិស័យកសិកម្ម កសិឧស្សាហកម្ម ដែលទទួលបានបរិមាណផលស្រូវ សម្រេចបាន៣១៦,០៩០តោន កៅស៊ូ ៥៧,០២៨តោន ដំឡូងមី ២,៧៤៣,៩១៨តោន រួមនឹងដំណាំរួមផ្សំដទៃទៀត ទទួលបានទិន្នផលរាប់សែនតោនផងដែរ ។ ជាមួយគ្នានេះ គម្រោងវិនិយោគរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំ២០២៤ មានចំនួន ១៣គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ចមានចំនួន ៤គម្រោង និងផ្នែកសង្គមកិច្ចមានចំនួន ៩គម្រោង ។
គម្រោងវិនិយោគរបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ឆ្នាំ២០២៤ មានចំនួន ២១គម្រោង មន្ត្រីគាំទ្របច្ចេកទេស បានចុះសិក្សា និងបានរៀបចំគម្រោងបានចប់រួចរាល់ទាំង២១គម្រោង និងគម្រោងវិនិយោគរបស់រដ្ឋបាលឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០២៤ មានចំនួន ៩៤គម្រោង មន្ត្រីគាំទ្របច្ចេកទេស បានចុះសិក្សា និងបានរៀបចំគម្រោងចប់រួចរាល់ទាំង៩៤គម្រោង ។ បានដាក់ធ្វើកិច្ចលទ្ធកម្មជាសាធារណៈ គម្រោងឃុំ-សង្កាត់ បានចំនួន៧១គម្រោង និងបានចុះកិច្ចសន្យាអនុវត្តចំនួន៣០គម្រោង ។
ចំពោះការងារធនធានទឹក និងឧតុនិយម ដែលព្រែកតាមបណ្តោយទន្លេចំនួន ១២ខ្សែ ប្រឡាយមេធំៗមានចំនួន៤ខ្សែ ប្រព័ន្ធធារាសាស្ត្រសរុប ២០៥ ចែកជា៣៖ ខ្នាតធំមាន៣ ខ្នាតមធ្យមមាន៤៨ និងខ្នាតតូចមាន១៥៣ ស្ថានីយ៍ឧត្តុនិយម ៧/៧ ក្រុង ស្រុក ស្ថានីយ៍ឧតុនិយមស្វ័យប្រវត្តិមានចំនួន៥ នឹងតំរងទឹកភ្លៀងវាស់ដោយដៃមានចំនួន ១០តំរង ។
ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ក៏បានកោតសរសើរពីការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្តត្បូងឃ្មុំ លើការងារអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ជាការពិតខេត្តត្បូងឃ្មុំ ជាខេត្តមួយទើបតែបានបង្កើតថ្មី ហើយពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ ពិសេស បានសម្តែងនូវការពេញចិត្តជាខ្លាំងនៅវិធានការណ៍ទាំង ៤ចំណុចរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ការត្រួតពិនិត្យការប្រើប្រាស់អាវុធខុសច្បាប់ និងក្មេងទំនើង ដែលស្របទៅតាមវិធានរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានលើកឡើងនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិ យកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយផ្លែផ្កា ។
ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដោយរួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន យកចិត្តទុកដាក់បំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត ។
ចំពោះសំណូមពរ និងបញ្ហាប្រឈមនានាដែលខេត្តបានលើកឡើង គណៈកម្មការទី៣ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ទ ៕
ប្រភព ៖ រដ្ឋសភា