ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បើកដាក់ឱ្យដំណើរការជើង​ហោះហើរ​ជាអន្តរជាតិលើកដំបូងពីទីក្រុងភ្នំពេញទៅកាន់ទីក្រុង កូឡាឡាំពួរ

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (ជើងហោះហើរលេខ KT) នៅថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០២៤បានប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងការសម្ពោធដាក់ឱ្យដំណើរការជើងហោះហើរជាអន្តរជាតិលើកដំបូងរបស់ខ្លួន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងកូឡាឡាំពួរ ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមជើងហោះហើរ KT១៦៨ របស់ក្រុមហ៊ុន AirAsia Cambodia ត្រូវបានអបអរសាទរជាមួយនឹងការសម្តែងសិល្បៈដ៏រំភើបអស្ចារ្យនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ នាព្រឹកនេះដើម្បីផ្តល់ជូនអ្នកដំណើរនូវអនុស្សាវរីយ៍នៃការធ្វើដំណើររបស់ពួកគាត់។ ជើងហោះហើរនេះបានចាកចេញនៅវេលាម៉ោង ១២.២៥ នាទីថ្ងៃត្រង់ និងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ នៅវេលាម៉ោង ៣.១៥ នាទីល្ងាច អមជាមួយនឹងការបាញ់ទឹកទទួលស្វាគមន៍នៅពេលអញ្ជើញមកដល់។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍មួយរបស់កម្ពុជា និងជាចំណែកមួយនៃអាស៊ាន ការបើកសម្ពោធដាក់ឱ្យដំណើរការនេះប្រព្រឹត្តទៅស្របពេលនឹងការប្រារព្ធពិធីអបអរសាទរទិវាអាស៊ានលើកទី ៥៧ នាខែនេះ។ ការបើកសម្ពោធជើងហោះហើរនេះ គឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរឹងមាំឡើង។ ជើងហោះហើរប្រចាំសប្តាហ៍ទាំងប្រាំពីរ គឺជាការបំពេញបន្ថែមប្រតិបត្តិការពីរដងក្នុងមួយថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Malaysia និងសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការជំរុញទំនាក់ទំនងលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា “ការទទួលបានអ្នកដំណើរលើសពី ៩០ ភាគរយនៃចំនួនកៅអីដែលបានដាក់លក់សម្រាប់ការហោះហើរជាអន្តរជាតិរបស់យើងនាថ្ងៃនេះ គឺជាកត្តាមួយដែលជំរុញលើកទឹកចិត្តយ៉ាងខ្លាំង។ ចាប់តាំងពីពេលដែលយើងបានចាប់ផ្តើមបើកប្រតិបត្តិការនៅអំឡុងខែឧសភាកន្លងមកនេះ យើងបានធ្វើការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរក្នុងស្រុកចំនួន ២៥,៨៦១ នាក់ ហើយជាមួយនឹងការបើកផ្លូវហោះហើរជាអន្តរជាតិនេះ យើងមានគោលបំណងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងម៉ាឡេស៊ីមួយកម្រិតបន្ថែមទៀត។
គួរបញ្ជាក់ថាវិស័យទេសចរណ៍របស់កម្ពុជាបាននិងកំពុងស្ថិតនៅលើវិថីនៃកំណើនដ៏រឹងមាំ ខណៈដែលរាជរដ្ឋាភិបាលបានជំរុញយ៉ាងសកម្មដើម្បីឱ្យប្រទេសនេះក្លាយទៅជាគោលដៅទេសចរណ៍ដ៏ធំមួយ។ គិតត្រឹមឆមាសទីមួយឆ្នាំ ២០២៤ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាងបីលាននាក់។ យើងរំពឹងថាការបើកផ្លូវហោះហើរថ្មីរបស់យើងរវាងទីក្រុងភ្នំពេញ នឹងជំរុញឱ្យមានលំហូរចូលនៃភ្ញៀវទេសចរបន្ថែមទៀតរវាងប្រទេសទាំងពីរ។

សម្ព័ន្ធក្រុមហ៊ុន AirAsia Group បានបង្ហាញការប្តេជ្ញាគាំទ្រដល់គោលដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតជើងហោះហើរត្រង់បន្ថែមទៀតពីគោលដៅទេសចរណ៍ធំៗនៅលើពិភពលោកមកកាន់ប្រទេសកម្ពុជា។តាមរយៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្រុមហ៊ុន Thai AirAsia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងខ្ញុំ បានដាក់ឱ្យអនុវត្តជើងហោះហើរសៀមរាប-ភូកេត ជាមួយនឹងការហោះហើរបីដងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះតទៅ ។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដើរតួនាទីដ៏សំខាន់មួយក្នុងវិស័យអាកាសចរណ៍ របស់ប្រទេសកម្ពុជា ដោយតភ្ជាប់តំបន់រវាងទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន AirAsia Group បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះបានពង្រីកសេវារហូតទៅដល់ជាង ១៣០ គោលដៅនៅទូទាំងអាស៊ី និងលើសពីនេះ ដោយប្រើប្រាស់មជ្ឈមណ្ឌល កណ្តាល របស់ខ្លួននៅ ទីក្រុងកូឡាឡាំពួរ និងទីក្រុងបាងកក ដើម្បីជួយសម្រួលដល់បទពិសោធន៍នៃការធ្វើដំណើរយ៉ាងរលូនសម្រាប់ភ្ញៀវធ្វើដំណើររបស់ខ្លួន៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner