ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ ចុះពិនិត្យមើលទីតាំង​សម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ម៉ាវ៉ល

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យមើលទីតាំងសម្រាប់ សាងសង់ ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបក្នុងតំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីបានត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងសាងសង់ជាទារកដ្ឋាននៅក្នុងតំបន់រោងចក្រនេះ សម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមាន អាយុចាប់ពីទារកក្រោយពេលកើតរហូតដល់អាយុ ៣ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីជំជំនាញរបស់ក្រសួងបន្តធ្វើការ​សហការជាមួយ ភាគីរោងចក្រដើម្បីឈានដល់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ រហូតដល់បញ្ចប់ ដំណើរការសាងសង់ឲ្យបានរលូន ដើម្បីជួយសម្រួលដល់បងប្អូនកម្មករនិយោជិត ក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើល ថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថានេះជាការយកចិត្តទុកដាក់​ពីសំណាក់​រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនា​ធិការ​ក្នុងការអនុវត្តកិច្ចការងារដ៏សំខាន់នេះចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បី​បម្រើជា​ប្រយោជន៍ដល់កម្មករនិយោជិត ក៏ដូចជាធនធាន​មនុស្សជំនាន់​ក្រោយ​។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិនិត្យមើលសង្វាក់ ផលិតកម្ម ក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើប ពាក់កណ្តាល ស្វ័យប្រវត្តិ និងមានកន្លែងធ្វើការប្រកបដោយផាសុកភាព និងមានលក្ខណៈ ស្តង់ ដាខ្ពស់ និងស្របតាមបទដ្ឋានបច្ចេកទេសស្តង់ដាការងារថែមទៀតផង៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner