កម្លាំងនគរបាលខេត្តរតនគិរីជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សពេលចូលនិងចេញពីសាលា
រតនគិរី៖អនុវត្តតាមបទបញ្ជាពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមអភិបាលខេត្តរតនគិរី ស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានណែនាំដល់កងកម្លាំងចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងជំនាញការិយាល័យ កម្លាំងអធិការក្រុង ស្រុកទាំងប្រាំបួន, ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឱ្យជួយសម្រួលចរារចណ៍នៅតាមគោលដៅសាលារៀននានាក្នុងមូលដ្ឋានរបស់ខ្លួន។
ដោយឡែកជារៀងរាល់ថ្ងៃនៅពេលព្រឹក និងរសៀល នៅក្រុងបានលុង គេសង្កេតឃើញមានកម្លាំងនគរបាលចរាចរណ៍បានឈរបញ្ជាចរាចរណ៍នៅមុខសាលានិងបានជួយដឹកដៃកុមារា កុមារីជាសិស្សតូចៗ ឆ្លងកាត់ផ្លូវ។
ឧត្តមសេនីយ៍ត្រី ថេង ចាន់ធី ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋានខេត្តរតនគិរីបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ,កម្លាំងនគរបាលចរាចណ៍ខេត្ត-ក្រុង-ស្រុកបានជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សពេលចូល និងចេញពីរៀនម្តងៗ ដើម្បីរក្សាសុវត្ថិភាពដល់ក្មួយៗជាសិស្ស។
ឧត្តមសេនីយ៍ត្រីស្នងការរងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្តគ្រប់ប្រភេទសូមបង្កើនការប្រុងប្រយ័ត្នពិសេសពេលដល់សាលារៀន ពោលត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់៕
ដោយ៖គតិ យុត្ត