ការបង្កើនចំណូល តាមរយៈការពង្រឹងសមត្ថភាព ការផ្តល់ចំណេះដឹង និងជំនាញពិតប្រាកដ
បាត់ដំបង៖មន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាព ការផ្តល់ចំណេះដឹងជំនាញពិតប្រាកដ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍មានសារៈសំខាន់ណាស់ដើម្បីកែប្រែជីវភាពរស់នៅប្រចាំថ្ងៃឱ្យបានកាន់តែប្រសើរឡើងថែមទៀត ហើយក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ
ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការតំណាងឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងបែបនេះ
ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឆ្នាំ២០២៤ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាននៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងកាលព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ក្នុងពិធីដែលប្រារព្ធនៅឃុំព្រែកជីក ស្រុករុក្ខគីរីដែលមានសិក្ខាកាមចូលរួមចំនួន១០០នាក់ដែលភាគច្រើនជាស្រ្តី ,ឯកឧត្តមបន្តថា ដើម្បីឱ្យប្រទេសរីកចម្រើនលុះត្រាតែប្រជាពលរដ្ឋមានចំណេះដឹងខ្ពស់ យ៉ាងហោចមានចំណេះដឹងនិងជំនាញពិតប្រាកដមួយយ៉ាងតិច។ឯកឧត្តមបានបន្តថាថ្ងៃនេះតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ យើងបានរៀបចំបើកវគ្គបណ្តុះបណ្តាលនូវមុខជំនាញសំខាន់ៗ ចំនួនបី រួមមាន មុខជំនាញថែទាំជួសជុលគ្រឿងយន្តកសិកម្មខ្នាតតូច,ទី២.បច្ចេកទេសសួនបន្លែផ្ទះប្លាស្ទិក និងទី៣.បច្ចេកទេសចិញ្ចឹមមាន់ជាដើម។
បន្ថែមលើការងារនេះលោក សេង វិសិទ្ធ ប្រធានការិយាល័យបណ្តុះបណ្តាលនិងស្រាវជ្រាវនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងជានាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តគឺពិតជាមានសារៈសំខាន់ណាស់។
ទាក់ទងនឹងការបណ្តុះបណ្តាលនេះដែរ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរាថា វគ្គបណ្តុះបណ្តាលនេះនឹងជួយបង្កើនសមត្ថភាពដល់ប្រជាកសិករនៅតំបន់ជនបទដែលខ្វះចំណេះដឹងនិងជំនាញពិតប្រាកដ។ លោកបន្តថា ការបណ្ដុះបណ្ដាលនេះនឹងបង្កើតការងារបន្ថែមក្រៅពីការធ្វើស្រែចម្ការ ជារួមធ្វើឲ្យប្រជាពលរដ្ឋ មានមុខរបរបន្ថែម ដើម្បីបង្កើតប្រភពចំណូលនៅក្នុងគ្រួសារ និងសហគមន៍៕
អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.