ព្យុះទីហ្វុងវាយប្រហារប្រទេសចិន មនុស្សជាង១លាននាក់រងគ្រោះ
បរទេស៖ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ភ្លៀងធ្លាក់ដ៏ខ្លាំងបង្កឡើងពីព្យុះទីហ្វុង បានបណ្តាលឲ្យមនុស្ស១លាន២សែននាក់ នៅក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន រងគ្រោះ។ អាជ្ញាធរកំពុងអន្តរាគមន៍ ផ្តល់ស្បៀង និងអាហារចាំបាច់នានា និងជម្លៀសប្រជាជនមួយចំនួនចេញពីទីតាំងជន់លិច។ នេះបើតាមកាសែតចិន Xinhua។
ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់ខេត្ត Hunan បាននិយាយថា ដំណាំដែលរងការខូចខាត ដោយសារព្យុះទីហ្វុង Gaemi បានកើនឡើងដល់ ១២៧០០០ ហិកតា ហើយមនុស្ស ៩៦៥០០ នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ។
មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ នៃអាកាសចរណ៍ខេត្ត បានដាក់ពង្រាយឧទ្ធម្ភាគចក្រចំនួន៤គ្រឿង ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ នៅទីក្រុង Zixing ដែលជាតំបន់មួយ ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែទឹកភ្លៀង។
ឧទ្ធម្ភាគចក្រ បានដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទំនិញផ្សេងៗ ប្រមាណ ៧៣ តោន និងផ្ទេរអ្នករងរបួសចំនួន ៩២ នាក់ រួមនឹង ស្ត្រីមានផ្ទៃពោះ។
ប្រទេសចិនមានប្រព័ន្ធឆ្លើយតបគ្រាអាសន្នចំនួនបួន សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះមហន្តរាយភូមិសាស្ត្រ ដោយកម្រិត I ជាការឆ្លើយតបបន្ទាន់បំផុត៕
ប្រភពពី Xinhua ប្រែសម្រួល៖ សារ៉ាត