ផ្ទុះគ្រាប់បែកអត្តឃាត ស្លាប់មនុស្សជិត ២០នាក់ នៅនីហ្សេរីយ៉ា

បរទេស៖ មនុស្ស១៩នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ អំឡុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងភូមិ Kawuri រដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា នេះបើតាមប្រភពពីសន្តិសុខ។

ប្រភពបានបន្តថា ការបំផ្ទុះដែលបានកើតឡើងកាលពីល្ងាចថ្ងៃពុធលើកនេះ គឺជាការវាយប្រហារដ៏សាហាវបំផុតមួយ ពុំធ្លាប់មាន ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ នាភាគឦសាន ប្រទេស ពោលគឺបន្ទាប់ពីអំពើហិង្សាកើតចេញពីជម្លោះក្រុមជីហាដ បានធ្លាក់ចុះ។ អភិបាលរដ្ឋ Borno កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់បម្រាមគោចររយៈពេល ២៤ម៉ោង បន្ទាប់ពីការវាយប្រហារ។

គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ ប៉ុន្តែ ក្រុមជីហាដ Boko Haram និងគូប្រជែងរដ្ឋអ៊ីស្លាម នៅអាហ្វ្រិកខាងលិច សុទ្ធតែសកម្មលើការបំផ្ទុះគ្រាប់បែកបែបនេះ នៅក្នុងរដ្ឋ Borno កន្លងមក។ ក្រៅពីការផ្ទុះគ្រាប់បែកនៅតាមផ្លូវ ក្រុមសកម្មប្រយុទ្ធអ៊ិស្លាមទាំងនេះ នៅតែបន្តវាយឆ្មក់ ចាប់ពង្រត់ នៅតាមជនបទ ជាដើម។

នៅភាគឦសាន ប្រទេសអាហ្វ្រិក មួយនេះ មានមនុស្សជាង៤ម៉ឺននាក់ត្រូវបានសម្លាប់ ដោយសារតែអំពើហិង្សា និងមនុស្សពីរលាននាក់ផ្សេងទៀត បានផ្លាស់ទីលំនៅ ចាប់តាំងពីឆ្នាំ ២០០៩ មក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner