គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមលើវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅខេត្តក្រចេះ

ខេត្តក្រចេះ៖ គណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តស្តីទី នៃគណ:អភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅសាលាខេត្តក្រចេះ ។

ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការទី៣ មកកាន់ខេត្តក្រចេះ​នាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹង​វិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាព​នៃការអនុវត្តន៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ ដូចជាការងារផែនការ វិនិយោគ កសិកម្ម បរិស្ថាន និងធនធានទឹកនៅក្នុងខេត្ត ដើម្បីរួមសហការគ្នារវាង​ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលត្រូវជំរុញការ​អនុវត្តន៍កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តស្តីទី បានរាយការណ៍ជូនគណៈកម្មការទី៣​នៃរដ្ឋសភា អំពីសភាពការណ៍ទូទៅក្នុងខេត្ត ភាពរីកចម្រើន និងលទ្ធផលការងារ​សំខាន់ៗ ដែលរដ្ឋបាលខេត្តក្រចេះសម្រេចបានកន្លងមក។ ឯកឧត្តម បានជម្រាប​ជូនបន្ថែមពីផែនការ ទិសដៅ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី កម្ពុជា ដែលមានបាវចនា ៥គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅបន្តបេសកកម្មថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេស​ជាតិជាប្រវត្តិសាស្ត្រ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជា ជាប្រទេសមានចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០” ដែលរដ្ឋបាលខេត្តក្រចេះ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍន៍ជាប្រចាំ ។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តក៏បានរាយការណ៍​លំអិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹងវិស័យកសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និងធនធានទឹក ជូនគណៈកម្មការរដ្ឋសភាបានជ្រាបផងដែរ ។

ឯកឧត្តមអភិបាលខេត្តស្តីទី និងមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានជម្រាបគណៈកម្មការរដ្ឋសភា ពីបញ្ហាប្រឈម និងបានលើកឡើងនូវសំណូមពរ មួយចំនួន សុំឱ្យគណៈកម្មការទី៣ នៃរដ្ឋសភាជួយធ្វើអន្តរាគមន៍រកដំណោះស្រាយផង ។

បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់ថ្នាក់ដឹកនាំខេត្តរួចមក ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តលើគ្រប់វិស័យ ពិសេស ការងារកសិកម្ម បរិស្ថាន ធនធានទឹក និងអភិវ្ឍន៍ជនបទ ដែលជាការជួយលើកស្ទួយកម្រិតជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីគាំទ្រដល់​អាទិភាព​គន្លឹះទាំង៥ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​នីតិ​កាល​ទី៧នៃរដ្ឋសភា គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ដែលមានសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលសម្ដេចតែងបានណែនាំ​ឱ្យមន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋទ្វេរដង ។

ចំណែកបញ្ហាប្រឈមដែលខេត្ត និងមន្ទីរបានលើកឡើង ឯកឧត្តមប្រធានគណៈ​កម្មការ បានបញ្ជាក់ថា ឯកឧត្តម នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ទៅជម្រាប​ជូនសម្តេចប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ក្នុងការ​ជួយដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីឱ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ ។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនេះដែរ គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តដំណើរចុះជួបសំណេះសំណាលជាមួយកសិករដាំដំណាំផ្សេងៗ ស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី និងចុះជួបកសិករដាំដំណាំផ្សេងៗ ដើម្បីស្វែងយល់ នៅឃុំកញ្ជរ រួមគ្នាជាមួយឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះផងដែរ ៕

ប្រភព ៖ រដ្ឋសភា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner