ថវិកាធានារ៉ាប់រងសង្គមជិត ២០០លានរៀល ព្រមទាំងអំណោយសម្តេចធិបតី និងលោកជំទាវ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន នៅខេត្តកំពង់ធំ
កំពង់ឆ្នាំ៖ ថវិកាធានារ៉ាប់រងសង្គមជិត២០០លានរៀល កាលពីថ្ងៃទី១ ខែសីហា ត្រូវបានប្រគល់ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន២០គ្រួសារ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនោះមានអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងខេត្តកំពង់ធំ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងលោក ជា គឿន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។
លោក ជួន សិលាវិត ប្រធានមូលនិធិជំនួយសង្គមនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានបញ្ជាក់ថាគ្រួសារសពអតីតយុទ្ធជន២០គ្រួសារ បានទទួលថវិកាធានារ៉ាប់រងសង្គម គឺជាការរៀបចំឡើងដោយប្រមុខរាជរដ្ឋារាជរដ្ឋាភិបាល និងការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា នេះជាការយកចិត្តទុកដាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការចង្អុលណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម យល់ពីសុខទុក្ខអតីតយុទ្ធជននៅគ្រប់ទីកន្លែង ។បងប្អូនអតីតយុទ្ធជនបានចូលរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ៕
ដោយ ៖ ប៊ុន រដ្ឋា