ធនាគារជាតិ នៃកម្ពុជា សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការសម្របសម្រួលចរាចរណ៍​ក្រដាសប្រាក់ដុល្លារអាមេរិក

(ភ្នំពេញ)៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ និងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ដែលទូទាត់ជាប្រាក់ដុល្លារអាមេរិក ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទូទាំងព្រះរាជាណាចក្រកម្ពុជានូវវិធានការបន្ទាន់ដូចខាងក្រោម៖

១/- តម្រូវឱ្យទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ចាស់ ឬប្រឡាក់ ដោយមិនទាមទាររក កម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសប្រាក់នោះជាក្រដាសប្រាក់ក្លែងក្លាយ ឬ បាត់បង់ អត្តសញ្ញាណ ដែលមិនអាចទទួលស្គាល់បាន និង ២/- តម្រូវឱ្យដកហូតនូវរាល់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយទាំងអស់ ដោយពុំមានសំណង និងបញ្ជូនមកធនាគារជាតិនៃកម្ពុជា។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មិនមែនជាអាជ្ញាធរបោះពុម្ព និងដាក់ឱ្យចរាចរនូវក្រដាស ប្រាក់ដុល្លារអាមេរិកនោះឡើយហើយក៏មិនមានសិទ្ធិក្នុងការកាត់ ដុតក្រដាសចាស់ ទក់ រហែក ដើម្បីជំនួស ដោយក្រដាសប្រាក់ថ្មី ដូចក្រដាសប្រាក់រៀលនោះទេ។ ធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន និងបង់សេវាធានារ៉ាប់រង ដើម្បីដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកទាំងនោះ តាមរយៈធនាគារដៃគូ ដែលមានសិទ្ធិផ្ទាល់ ឬដោយប្រយោលជាមួយធនាគារកណ្តាលអាមេរិក និងជាគ្រឹះស្ថាន ដែលជាអ្នកកំណត់លក្ខណៈវិនិច្ឆ័យលើក្រដាសប្រាក់ដែលទទួលបាន។ ចំពោះការដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកថ្មីចូលមកកម្ពុជាវិញ ក៏ត្រូវមានការបង់សេវាដឹកជញ្ជូន ធានារ៉ាប់រង និងកម្រៃជើងសារផ្សេងៗ ដែលជាបន្ទុករបស់ធនាគារជាតិនៃកម្ពុជាទោះបីមិនមែនជាកាតព្វកិច្ចដែល មានចែងក្នុងច្បាប់ក៏ដោយ ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ធនាគារជាតិ នៃកម្ពុជា ក៏សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ចូលរួមប្រើប្រាស់ប្រាក់រៀលខ្មែរ ដែលជា រូបិយវត្ថុជាតិឱ្យបានកាន់តែច្រើនឡើង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយភាពធន់។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបាគងដែលជាប្រព័ន្ធ ទូទាត់សងប្រាក់អនុញ្ញាតឱ្យអតិថិជន អាចធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថាន ជាសមាជិក ពិសេសធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងអភិវឌ្ឍនូវកម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីជាយន្តការសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនានៅ ប្រទេសកម្ពុជាយើងផងដែរ។

ធនាគារជាតិនៃកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទាំងអស់ នឹងបន្តចូលរួមសហការប្រកបដោយភាពយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមភាពជាក់ស្តែងរបស់អតិថិជន ។

សូមរំលឹកថា ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និង សមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសសម្រេចឱ្យប្តូរប្រាក់ដុល្លាអាមេរិក ដែលចាស់ ឬរហែកតិចតួច ដោយមិនកាត់ទឹកនៅទូទាំងប្រទេស បន្ទាប់ពីទទួលបានព័ត៌មានពីអាជិវករ នៅខេត្តសៀមរាប ពាក់ព័ន្ធការចាយក្រដាស់ប្រាក់ដុល្លារ ដោយសម្ដេច បានណែនាំទៅលោកជំទាវ ជា សិរី ទេសាភភិបាលធនាគាតិនៃកម្ពុជា ឱ្យធ្វើការជូនសម្ដេចភ្លាម ពាក់ព័ន្ធនឹងការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលចាស់ ឬរហែកតិចតួច គឺត្រូវកាត់ទឹក ។

សម្តេចធិបតី បានបញ្ជាក់ថា ក្រោយពីបានដាក់ឱ្យសាកល្បង ការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬរហែក នៅខេត្តសៀមរាបដោយមិនកាត់ទឹក មានការលើកឡើងជាសំនួរថា ហេតុអ្វីបានជាលុយចាស់ ឬរហែកខ្លះ អាចចាយនៅតែសៀមរាប ដោយមិនកាត់ទឹក ហេតុអ្វីបានជាមិនអនុវត្តន៍ទូទាំងប្រទេស? ។

សម្តេចីបតី ហ៊ុន ម៉ាណែត បានបន្តថា ការអនុវត្តន៍នៅខេត្តសៀមរាប កន្លងទៅនេះ ជាការសាកល្បង ។ ប៉ុន្តែក្រោយពីសម្តេច បានពិភាក្សាជាមួយលោកជំទាវ ទេសាភិបាលធនាគារជាតិរួចមក ក៏សម្រេចថា អនុវត្តន៍ទូទាំងប្រទេសតែម្តង ចាប់ពីថ្ងៃទី០២ សីហា តទៅ ។ សម្តេច ក៏បានស្នើស៉ំធនាគារទាំងអស់ យោគយល់ចំពោះករណីនេះ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ចូលរួមប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ និងជាអត្តសញ្ញាណជាតិ ឱ្យបានច្រើនផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner