កូរ៉េខាងត្បូងចង់ផ្តល់ជំនួយទឹកជំនន់ ដល់កូរ៉េខាងជើង

បរទេស៖ កូរ៉េខាងត្បូងបានអះអាង កាលពីថ្ងៃសុក្រថា ខ្លួនមានឆន្ទៈក្នុងការបញ្ជូនជំនួយសង្គ្រោះទឹកជំនន់ ដល់កូរ៉េខាងជើង ប៉ុន្តែ មិនទាន់មានការឆ្លើយតបពីកូរ៉េខាងជើង នៅឡើយទេ។

លោកស្រី Kim In-ae អ្នកនាំពាក្យរង នៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានប្រាប់អ្នកយកព័ត៌មានថា
ក្រុងសេអ៊ុលបានព្យាយាមទាក់ទងកូរ៉េខាងជើង ដើម្បីផ្តល់ជំនួយមនុស្សធម៌ បន្ទាប់ពីមានរបាយការណ៍អំពីការស្លាប់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីទឹកជំនន់ នាពេលថ្មីៗនេះ។ ប៉ុន្តែទីក្រុងព្យុងយ៉ាងមិនបានឆ្លើយតបទេ។ លោកស្រី Kim In-ae បញ្ជាក់ថា «យើងទន្ទឹងរង់ចាំការឆ្លើយតបភ្លាមៗ (ពីខាងជើង) ចំពោះសំណើរបស់យើង»។

កូរ៉េខាងជើង នៅដើមសប្តាហ៍នេះ បាននិយាយថា «ភ្លៀងធ្លាក់ដ៏ខ្លាំងបំបែកកំណត់ត្រា» បានវាយប្រហារតំបន់ព្រំដែនភាគខាងជើង បណ្តាលឱ្យមានវិបត្តិធ្ងន់ធ្ងរ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន, អគារសាធារណៈ, សម្ភារៈបរិក្ខារ, ផ្លូវថ្នល់ និងផ្លូវដែក រួមទាំងផ្ទះជាង ៤១០០ខ្នង និងដីស្រែជិត ៣ពាន់ហិចតា ត្រូវបានជន់លិច។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចេញផ្សាយ ថ្មីៗនេះថា មេដឹកនាំ គីម ជុងអ៊ុន បានស្នើឱ្យដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ចំពោះមន្ត្រីដែលបានធ្វេសប្រហែសភារកិច្ច លើការការពារទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ ឬ របួស តែមិនបានបញ្ជាក់លម្អិត ពីចំនួនពិតប្រាកដទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner