ខេត្តសៀមរាប ឆមាសទី១គ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៥លើក បណ្តាលឱ្យស្លាប់៥៧នាក់

សៀមរាប៖ឆមាសទី១ កន្លងទៅនេះ ខេត្តសៀមរាប ចំនួនគ្រោះថ្នាក់​ចរាចរណ៍និងចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងគួរកត់​សម្គាល់។​ក្នុងគោលបំណង​បង្ការនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត​ទេសចរណ៍មួយនេះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លេខាធិកា​ដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប និងរដ្ឋបាលខេត្ដសហការជាមួយ ការិយាល័យ​ចរាចរណ៍​ផ្លូវគោកនៃ​ស្នងការដ្ឋាននគរបាលខេត្តនិងក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចុះយុទ្ធនាការ អប់រំ ណែនាំដល់ប្រជា​ពលរដ្ឋ និងអ្នកធ្វើដំណើរនៅផ្លូវជាតិលេខ៦ ខាងកើតផ្សារលើធំថ្មី ក្រុងសៀមរាប។

របាយការណ៍របស់លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិចរាចរណ៍ខេត្តបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្នុងភូមិ​សាស្រ្តខេត្តសៀមរាប គ្រោះថ្នាក់ចរាចរណ៍បានកើតមានចំនួន ៧៥លើក កើនឡើង៣៣លើក ស្មើនឹង៧៨ភាគរយ,​បណ្តាលឱ្យបាត់​បង់ជីវិត៥៧នាក់(ស្រី២០នាក់) កើនឡើង២៤នាក់ ស្មើនឹង៧២​ភាគរយ,របួសធ្ងន់ ចំនួន៣៤នាក់ ( ស្រី៥នាក់),របួស​ស្រាល  ចំនួន៧១នាក់ (ស្រី២៥នាក់ )កើនឡើង៤៣នាក់ ស្មើនឹង១៥៣​ភាគរយ។សរុបអ្នករងគ្រោះ  ចំនួន១៦២នាក់ (ស្រីចំនួន៥០នាក់, បរទេស៦នាក់)។

 ក្នុងគ្រោះថ្នាក់នេះដែរបណ្ដាលឱ្យខូចខាតយានយន្តសរុប ១៣៥គ្រឿង ដោយខូចធ្ងន់៨៦គ្រឿង និងស្រាល៤៩គ្រឿង។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប បានលើកឡើង​ថា កំណើនមធ្យោបាយយានយន្ត ការនិយមប្រើប្រាស់យានជំនិះផ្ទាល់​ខ្លួនច្រើនជាងការប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ មិនទាន់បានត្រឹមត្រូវ លក្ខខណ្ឌ​បច្ចេកទេសយានយន្ត ការរំលោភដីចំណីផ្លូវ និងកត្តាគួបផ្សំមួយ​ចំនួនទៀតបានបង្កើតទៅជាបញ្ហាប្រឈមការកកស្ទះចរាចរណ៍ និង តែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ ជា​ពិសេសតាម​បណ្តោយផ្លូវជាតិសំខាន់ៗ ត្រង់ចំណុចប្រសព្វ។បញ្ហានេះ បានក្លាយជា​ក្តីព្រួយបារម្ភដ៏ធំ របស់អនុគណៈ​កម្មការ​សុវត្ថិភាពចារចរណ៍ផ្លូវគោក​ខេត្តសៀមរាប ៕
ដោយ៖​ប៊ុន​រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner