ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ ក្រុមគ្រូពេទ្យ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល» ” Advanced Cardiovascular Management in Digital Transformation” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកមន្ទីរពេទ្យជាតិ នាយកមជ្ឈមណ្ឌលជាតិ និងគណៈគ្រូពេទ្យកម្ពុជា រួមទាំងដៃគូ។

ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានឲ្យដឹងថាសមាគមគ្រូពេទ្យបេះដូងកម្ពុជាបានបង្កើតឡើងក្នុងឆ្នាំ២០១៤ គឺជាសមាគមវិទ្យាជីវៈវេជ្ជសា ស្ត្រ មិនរកប្រាក់កម្រៃ បង្កើតឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលជាពិសេសក្រសួងសុខាភិបា លក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យខ្មែរយើងដើម្បីធានាអោយបាននូវប្រសិទ្ធភាពក្នុងការពារនិង ព្យាបាលប្រជាពលរដ្ឋយើងប្រកបដោយប្រសិទ្ធិភាព។ ចាប់តាំងពីបង្កើតឡើង សមាគមបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលនិស្សិតនិងរួម ចំណែកក្នុងការបណ្តុះបណ្តាលបន្តដល់គ្រូពេទ្យខ្មែរយើងតាមរយៈសកម្មភាពផ្សេងៗជាច្រើនកន្លមក។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរៀបចំឱ្យមានសន្និសីទនេះឡើង ដើម្បីជាឱកាសអនុញ្ញាតឱ្យគ្រូពេទ្យបេះដូងកម្ពុជា និងគ្រូពេទ្យបេះដូងអន្តរជាតិ ធ្វើការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នា និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងបន្ថែមសមត្ថភាពរបស់គ្រូពេទ្យកម្ពុជាយើង ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព បច្ចេកទេស និងមធ្យោបាយផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ក្នុងការព្យាបាលជំងឺ និងថែទាំសុខភាពជូនប្រជាពលរដ្ឋយើង។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តលជាអនុសាសន៍ ជូនដល់អង្គសន្និសីទ ជាពិសសេសក្រុមគ្រូពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន ។

សន្និសីទនេះរៀបចំឡើង ក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍គ្នារវាងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងកម្ពុជាយើងនិងសហភាតរៈគ្រូពេទ្យ ឯកទេសបេះដូងអន្តរជាតិដើម្បីចែករំលែកនិងដកស្រង់នូវបទពិសោធន៌រវាងគ្នានឹងគ្នាស្តីអំពីការ អភិវឌ្ឍន៍ថ្មីៗ និង នវានុវត្តន៍នៃការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជម្ងឺបេះដូង-សរសៃឈាមនៅលើសកលលោក ក្នុងគោលបំណងលើកកំពស់សមត្ថភាពនិងចំណេះដឹង ចំណេះធ្វើរបស់វេជ្ជបណ្ឌិតខ្មែរ យើងដើម្បីធានាអោយបាននូវប្រសិទ្ធិភាពនៃការព្យាបាលនិងថែទាំសុខភាពជូនប្រជាពលរដ្ឋរបស់យើងអោយបានល្អប្រសើរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវផងដែរ ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមគ្រូពេទ្យបេះដូងកម្ពុជា សូមបន្តរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាលលើវិស័យសុខាភិបាល ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner