ផ្ទុះបាតុកម្ម ជុំវិញការខ្វះទឹកប្រើ នៅអ៊ីតាលី

បរទេស៖ ប្រជាជនរាប់រយនាក់រស់នៅលើកោះ Sicily ប្រទេសអ៊ីតាលី បានតវ៉ាប្រឆាំងនឹងកង្វះទឹកប្រើប្រាស់ និងការគ្រប់គ្រង ទឹកមិនល្អ នៅលើកោះ ដែលរងគ្រោះដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅឆ្នាំនេះ។

អំឡុងបាតុកម្ម កាលពីថ្ងៃសុក្រ ប្រជាជននៅទីក្រុង Agrigento បានព្យាយាមបញ្ជូនសារ ទៅអាជ្ញាធរ តាមរយៈបដា សរសេររៀបរាប់ថា «យើងចង់បានទឹក» និងស្រែកថា «ជារឿងអាម៉ាស់» ព្រមទាំងបដាថា «ទឹកគឺជាសិទ្ធិសម្រាប់ទាំងអស់គ្នា ទឹក គឺជាសិទ្ធិជាមូលដ្ឋាន» ។

អ្នករៀបចំការហែក្បួន បានសង្កត់ធ្ងន់ថា «ប្រជាជនហត់នឿយនឹងកង្វះទឹក ឥតឈប់ឈរ និងការគ្រប់គ្រងធនធានទឹក ដែលគ្មានប្រសិទ្ធភាព»។ ក្រុមនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពទឹក នៅក្នុងទីក្រុងត្រូវបានកាត់ផ្តាច់ ជាញឹកញាប់ ជាមួយនឹងការបែងចែកទឹក មិនមាននិរន្តរភាព» ។

គួរបញ្ជាក់ថា Agrigento ជាទីក្រុងដែលមានប្រជាជនចំនួន ៥៥០០០នាក់ រស់នៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូង នៃកោះ Sicily ដែលជាទីតាំងបុរាណវត្ថុដ៏សំខាន់ ដែលមានប្រាសាទក្រិកស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Ansa បានឱ្យដឹងថា នៅឯកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃសុក្រ មន្ត្រី Sicilian បានអនុម័តវិធានការស្តីពីការបង្កើនបរិមាណទឹក នៅក្នុងទីក្រុង Agrigento ឱ្យបាន២០ភាគរយ ក្នុងរយៈពេល១០ថ្ងៃបន្ទាប់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner