ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន នៃថ្ងៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា បានសារលិខិតជូនពរគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃថ្ងៃបុណ្យខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងសារលិខិត ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ សូមសម្តែងនូវអំណរសាទរយ៉ាងក្លៀវក្លាជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមមេត្តាជួយថែរក្សា ការពារ និងប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា នៅតែចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា ដែលបានបូជា អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុរំដោះជាតិ ផ្សះផ្សាជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្សល់ទុកជូនថ្នាក់ដឹកនាំជំនាន់ក្រោយ នូវស្នាដៃដែលជាគំរូវីរភាព សំខាន់ៗ ជាច្រើន ជាពិសេស ការរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ ដែលជាគ្រឹះសំខាន់មិនអាចខ្វះបាន ដើម្បី អភិវឌ្ឍប្រទេសកម្ពុជា ឱ្យរីកចម្រើនស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា មានជំនឿទុកចិត្តយ៉ាងមុតមាំ ចំពោះ សម្តេចតេជោប្រធានព្រឹទ្ធសភា ក្នុងនាមជាថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដើម្បីដឹកនាំជាតិមាតុភូមិប្រកបដោយ គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ឱ្យទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត តួយ៉ាងដូចជា គំនិតផ្តួចផ្តើមបង្កើត គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ ប្រទេសកម្ពុជា។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ និងគារវភក្តីដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ៕
ដោយ ៖ វ៉េង លីមហួត
