ប្រជាពលរដ្ឋចំនួន១៦៣គ្រួសារនៅភូមិម្រេច ទទួលបានអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ព្រះវិហារៈ អំណោយដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ។

ពិធីនេះក៏មានអញ្ជើញចូលរួម ពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ឧត្តមសេនីយឯក ស្រឹ ឌឹក មេបញ្ជាការកងពលធំទី៣, ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពល ធំទី២ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តជាច្រើនរូប។

អំណោយ ដែលនាំមកចែកជូនប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ មានចំនួន ៣៤មុខ រួមជាមួយថវិកាមួយចំនួន។

ក្នុងឳកាសនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថ្លែងបន្តទៀតថា នេះជាលើកទី៤ ដែលកន្លងមកបានដោះស្រាយប្រគល់បណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន១៤៣គ្រួសារ និងបានកសាងផ្លូវក្រួសក្រហម ប្រវែង១២គីឡូម៉ែត្រ តបណ្ដាញអគ្គិសនី បំពាក់អំពូលសូឡា ចំនួន១២ផ្ទាំង នៅតាមទីតាំងសំខាន់ៗក្នុងភូមិ សាលារៀន សាលាឆទាន តទុយោទឹកបានប្រវែង ១,៥០០ម៉ែត្រ ដល់ពាងទឹកប្រជាពលរដ្ឋ សាងសង់បង្គន់អនាម័យតាមខ្នងផ្ទះ និងកំពុងសិក្សាគម្រោងរៀបចំធ្វើអាងស្តុកទឹកស្អាត ១កន្លែង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល។

ក្នុងឳកាសនេះ នាយឧត្តមសេនីយ៍បានអញ្ជើញពិនិត្យមើលទីតាំងសាងសង់អគារ មន្ទីរពេទ្យបីខ្នង ដែលមានអគារព្យាបាល និងសម្ភពមួយខ្នង កម្ពស់ពីរជាន់ ទទឹង១០ម៉ែត្រ បណ្ដោយ៣២ម៉ែត្រ, អគាររោងបាយមួយខ្នង ទទឹង១៣,៥ម៉ែត្រ បណ្ដោយ ២៣ម៉ែត្រ, អគាររង់ចាំមួយខ្នង ទទឹង៩ម៉ែត្របណ្ដោយ១២ម៉ែត្រ នៅមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ ដែលសមិទ្ធផលទាំងនេះជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត៕
ដោយៈសួន លីណា

ads banner