សន្ទុះនៃការគាំទ្រកាន់តែផុសផុល! គណបក្សនយោបាយ សង្គមស៊ីវិល កម្មករ កម្មការិនី និងប្រជាពលរដ្ឋ អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ សីហាខាងមុខនេះ

ភ្នំពេញ៖ សន្ទុះនៃការគាំទ្រកាន់តែផុសផុល ខណៈការបើកការដ្ឋានព្រែកជីកហ្វូណនតេជោឈានចូលជិតមកដល់ នៅព្រឹកថ្ងៃទី៣ ខែសីហានេះ មេដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធភាពបណ្តុំសមាគម អង្គការសង្គមស៊ីវិល រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ប្រមាណ៤០០នាក់ ជួបជុំគ្នានៅសួនឧស្សាហកម្មកាណាឌីយ៉ា ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន, ឯកឧត្តម គុជ លី, ឯកឧត្តម ហួង ធៀមទៀង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដឹកនាំកម្មវិធីជួបជុំ បានឱ្យដឹងថា គណបក្សនយោបាយដែលចូលរួមមានដូចជា គណបក្សមហាសាមគ្គីជាតិខ្មែរ , គណបក្សខ្មែរតែមួយ គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សចលនាប្រជាធិបតេយ្យ និងគណបក្សខ្មែរក្រោក។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលដល់មហាថ្លៃថ្លាសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្រោមការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សមិទ្ធផលដ៏មហាផ្លៃថ្លាជាប្រវត្តិសាស្ត្រនេះ នឹងដំណើរការបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ខណៈការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ឈានចូលជិតមកដល់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ មិនរារែកក្នុងការចេញមុខគាំទ្រពេញទំហឹង និងយ៉ាងកងរំពងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។ ចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលកំពុងការពារ នឹងរុញច្រានគម្រោងនេះឱ្យទៅមុខដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងមហាសាមគ្គីជាតិនេះហើយដែលជាប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។

ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រែកជីកហ្វូណនតេជោ បាននិងកំពុងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស។ សន្ទុះនៃការគាំទ្របានផុសចេញពីទឹកចិត្តស្រឡាញ់ជាតិ ការពារផលប្រយោជន៍ជាតិ និងប្រាថ្នាចង់ឃើញប្រទេសរបស់ខ្លួនមានឯករាជភាព និងភាពរឹងមាំខាងសេដ្ឋកិច្ចដោយឈរលើកម្លាំងខ្លួនឯងដោយមិនចាំបាច់ពឹងខ្យល់ដកដង្ហើមពីបរទេស។

ពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ មិនរារែកក្នុងការចេញមុខគាំទ្រពេញទំហឹង និងយ៉ាងកងរំពងដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។ ចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលកំពុងការពារនិងរុញច្រានគម្រោងនេះឱ្យទៅមុខដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងមហាសាមគ្គីជាតិនេះហើយដែលជាប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។ ពេលនេះ ជាតិសាសន៍ខ្មែរបានបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនជាងពេលណាៗទាំងអស់តាមរយៈចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ៕
ដោយ៖ពលជ័យ

ads banner