សមាគមក្រុមការងារ១០០រាត្រី គាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់តីកោណ កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី​ បានបញ្ចេញមតិពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់តីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV)។ លោកថា ដោយមានមតិប្រឆាំងជ្រុលនិយមមួយចំនួនយករឿង CLVនេះ ជាបញ្ហានយោបាយ បានប្រឌិតព័ត៌មានក្លែងក្លាយប្រើប្រាស់នូវពាក្យថា កាត់ទឹកដីកម្ពុជាឱ្យវៀតណាមជាដើម ដើម្បីចោទប្រកាន់រដ្ឋាភិបាល ធ្វើយ៉ាងណាដើម្បីក្រុមពួកគាត់ចំនេញផ្នែកនយោបាយ។

ប្រធានសមាគមក្រុមការងារ១០០រាត្រី​ បានបន្តថា​ សូមបងប្អូនសិក្សាស្រាវជ្រាវលម្អិត ជៀសវាងឱ្យមានការបំពុលនិងបែកបាក់សាមគ្គីក្នុងសង្គមជាតិយើង។ ដូចបងប្អូនបានដឹងរួចហើយ សម្ដេចតេជោបានចេញសារពិសេសពាក់ព័ន្ធនឹង CLV អំពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើន។ យ៉ាងណាមិញក្នុងនាមជាពលរដ្ឋ គឺពិតជាព្រួយបារម្ភណាស់ចំពោះការបាត់បង់ទឹកដីប្រទេសយើង តាមជាក់ស្ដែងវៀតណាមមិនបោះបង់ឡើយការឈ្លានពានទឹកដីតាមរយៈការបញ្ជូនពលរដ្ឋឱ្យមករស់នៅកម្ពុជា។ ទន្ទឹមនឹងនេះ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រសិនជាស្រលាញ់ខេត្តទាំង៤ និងភ័យខ្លាចបាត់បង់ សូមអំពាវនាវពលរដ្ឋទៅទេសចរណ៍ឱ្យបានច្រើនដើម្បីជំរុញសេដ្ឋកិច្ចនិងជាការចូលរួមការពារខេត្តទាំង៤ និងអំពាវនាវសមាគមឧកញ៉ាកម្ពុជា ទៅវិនិយោគខេត្តនៅទិសឥសាន ដើម្បីខេត្តទាំង៤កាន់តែអភិវឌ្ឍខ្លាំង រួមគ្នាកសាងប្រទេស ថែរក្សាទឹកដី ជំរុញសេដ្ឋកិច្ចនិងការអភិវឌ្ឍខេត្តទាំង៤ឱ្យកាន់តែរឹងមាំ ចំណុចនេះ គឺបង្កើតឱ្យមានកំណើនប្រជាជនឱ្យច្រើន ប្រៀបបានដូចជារបងព្រំដែន។ សមាគមក្រុមការងារ១០០រាត្រី សូមអំពាវនាវប្រជាពលរដ្ឋអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចដើម្បីប្រទេសកម្ពុជាយើង៕
ដោយ៖ពលជ័យ

ads banner