វៀតណាមស្លាប់ជិត៥០នាក់ ព្រោះទឹកជំនន់និងបាក់ដី

ហាណូយ៖ កាសែត VNexpress បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា ចំនួនមនុស្សស្លាប់ ដោយសារតែទឹកជំនន់ និងការបាក់ដី នៅភាគខាងជើង ប្រទេសវៀតណាម ក្នុងរយៈពេល២ខែ ចាប់ពីខែមិថុនា ដល់ខែកក្កដា បានកើនដល់ ៤៨នាក់ហើយ បាត់ខ្លួនចំនួន ១២នាក់ ផ្សេងទៀត។

ប្រភពបានបញ្ជាក់ថា ភ្លៀងធ្លាក់ខុសធម្មតា ក្នុងរយៈពេល២ខែ ចុងក្រោយនេះ បណ្តាលឱ្យមានទឹកជំនន់ បំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា នៅភាគខាងជើង ប្រទេស ក្នុងនោះ បរិមាណទឹកភ្លៀងសរុប លើសពីការព្យាករណ៍ ឆ្ងាយ។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ បានរាយការណ៍ថា បរិមាណទឹកភ្លៀងសរុប ក្នុងខែមិថុនា នៅភាគខាងជើង មានចាប់ពី ២០០ ដល់៦០០ មីលីម៉ែត្រ ដែលខ្ពស់ជាងមធ្យមភាគ កាលពីឆ្នាំមុន ពី៤០ ទៅ៨០% ហើយនៅតាមឆ្នេរសមុទ្រ ភាគខាងជើង វិញ បរិមាណទឹកភ្លៀងខ្ពស់ជាងឆ្នាំមុន ១០០%។ ប្រភពពន្យល់ថា ភ្លៀងធ្លាក់ខ្លាំង ក្នុងខែមិថុនា គឺដោយសារខ្យល់មូសុងខ្លាំងជាងមធ្យម នៅភាគខាងជើង។ ក្នុងខែកក្កដា ភ្លៀងធ្លាក់ខ្លាំងត្រូវបានបង្កឡើងដោយឥទ្ធិពលនៃតំបន់ត្រូពិច ដែលលាតសន្ធឹងពាសពេញ តំបន់ភាគខាងជើង និងកណ្តាល ដោយភ្ជាប់ជាមួយនឹងទំនាបត្រូពិច លើសមុទ្រខាងកើត នេះបើតាមប្រភពដដែល។

យ៉ាងណាមិញ ពលរដ្ឋវៀតណាមធ្លាប់បានលើកឡើងថា ការសាងសង់អគារច្រើនពេក បិទលំហូរទឹកទៅកន្លែងស្តុក ពេលមានភ្លៀងធ្លាក់ខ្លាំង នាំឲ្យមានការជន់លិចខ្លាំងក្លាបែបនេះ។

ជារឿយៗ វៀតណាម ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងការបាក់ដី។ គ្រោះធម្មជាតិបានបណ្តាលឲ្យមនុស្ស ១៦៩នាក់ ស្លាប់ ឬ បាត់ខ្លួន នៅប្រទេសវៀតណាម កាលពីឆ្នាំមុន នេះបើតាម AFP៕

ប្រភពពី៖ AFP និង VNexpress, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner