អគ្គរដ្ឋអាជ្ញឡាវ និងគណៈប្រតិភូ បញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង និងជាតំណាងរបស់លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល កម្ពុជា បានអញ្ជើញជូនដំណើរនិវត្តន៍ទៅមាតុប្រទេសវិញរបស់ឯកឧត្តម ស៊ូសាណា ឃុតភុនថន (Xaysana Khotphounthone) អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដែលជាអគ្គរដ្ឋអាជ្ញារងរដ្ឋអាជ្ញា និងមន្ត្រីជាន់ខ្ពស់នៃអយ្យការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ០៤ថ្ងៃ ប្រកបដោយជោគជ័យ និងផ្លែផ្កា ។
មុនដំណើរនិវត្តន៍ត្រលប់ទៅប្រទេសឡាវវិញ, ឯកឧត្តមអគ្គរដ្ឋអាជ្ញាឡាវ បានសំដែងការអបអរសាទរជាថ្មីបន្ថែមទៀតដល់ប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលសម្រេចបាននូវការចុះអនុស្សរណនៃការយោគយល់គ្នាក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការមួយ ក្នុងនាមអ្នកជិតខាងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែននៅតាមបណ្តាព្រំដែនកម្ពុជា និងឡាវ។
ក្រៅពីនេះ ឯកឧត្តមអគ្គរដ្ឋអាជ្ញា ក៏បានសំដែងនូវ ការគោរពអរគុណយ៉ាងខ្លាំងដល់មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំ ទទួលដំណើរបេសកកម្មផ្លូវការរបស់ ឯកឧត្តមអគ្គរដ្ឋអាជ្ញា និងគណៈប្រតិភូអមដំណើរ បានយ៉ាងល្អឥតខ្ចោះ។
ការទទួលស្វាគមន៍ប្រកបដោយភាពជាបងប្អូន និងក្នុងនាមជាអ្នកជិតខាងល្អបែបនេះ គឺកាន់តែជម្រុញឱ្យទំនាក់ទំនងរវាង ស្ថាប័នមហាអយ្យការទាំងពីរ កាន់តែរឹងមាំ និងស្អិតរមួត។
ក្នុងក្របខណ្ឌនៃប្រទេសទាំងពីរ ការបញ្ចប់បេសកកម្មទស្សនកិច្ចផ្លូវការរបស់ស្ថាប័នមហាអយ្យការនាពេលនេះ គឺពិតជាបានជួយលើកកម្ពស់ទំនាក់ទំនងអ្នក ជិតខាងល្អ និងភាពជាដៃគូរយូរអង្វែង ឈានទៅរកសន្តិសុខ សុវត្ថិភាព និងវិបុលភាពរួមគ្នា របស់ប្រជាជននៃ ប្រទេសទាំងពីរ ៕
ដោយ ៖ វណ្ណលុក