គណបក្សធម្មាធិបតេយ្យធ្វើពិធីអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកការដ្ឋានសាងសង់អនុវត្តន៍គម្រោងព្រែកជីកហ្វូណនតេជោ

នៅព្រឹកថ្ងៃ៤ ខែសីហានេះ គណបក្សធម្មាធិបតេយ្យ បានធ្វើពិធីអបអរសាទរការបើកការដ្ឋានសាងសង់អនុវត្តន៍គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលព្រែកជីកនេះ ជាព្រែកជីកប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជាតាមគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិជាតិខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា គណបក្សធម្មាធិបតេយ្យ ប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងដោយឥតងាករេចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការរៀបចំបើកការដ្ឋានសាងសង់អនុវត្តន៍គម្រោងព្រែកជីកហ្វូណនតេជោ ដ៏ធំមហាសាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលព្រែកជីកនេះ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា តាមគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិជាតិ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ពោធិតី សាវត្ថី បានបន្តថា ការបើកការដ្ឋានសាងសង់ព្រែកជីកនេះ គឺជាសក្ខីភាពមួយបានឆ្លុះបញ្ចាំងឱ្យឃើញជាលទ្ធផលយ៉ាងប្រត្យក្សនូវគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការអនុវត្តបន្តនូវមហាបេសកកម្មដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាឱ្យបាននូវឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ គម្រោងព្រែកជីកនេះ ជាសមិទ្ធផលដ៏ធំធេងនៅក្នុងប្រវត្តិសាស្ត្រ លើកទី១ របស់កម្ពុជា ដែលមានជាអាទិ៍ ជាផ្លូវនាវាចរណ៍សម្រាប់ការដឹកជញ្ជូនប្រកបដោយឧត្តមភាពផ្នែកសេដ្ឋកិច្ច ជាកាលានុវត្តភាពនៃការវិនិយោគ ជាប្រព័ន្ធធារាសាស្ត្រសម្រាប់ផ្គត់ផ្គង់ទឹក ជាប្រព័ន្ធនៃការរំដោះទឹកជំនន់ប្រកបដោយជីវៈចម្រុះ វារីវិប្បកម្ម ជាតំបន់សេដ្ឋកិច្ចពិសេសក្នុងការអភិវឌ្ឍផែរណបថ្មីជាច្រើនទៀត ជាពិសេសគឺការទទួលបាននូវឯករាជ្យភាពក្នុង ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់ និងពិភពលោកតាមផ្លូវទឹក ដែលទាំងអស់នេះជាមោទនភាពថ្មីដ៏ធំធេងមហាសាល ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

សូមជម្រាបថា ខណៈការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ឈានចូលជិតមកដល់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ មិនរារែកក្នុងការចេញមុខគាំទ្រពេញទំហឹង និងយ៉ាងកងរំពងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។ ចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលកំពុងការពារ នឹងរុញច្រានគម្រោងនេះឱ្យទៅមុខដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងមហាសាមគ្គីជាតិនេះហើយដែលជាប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។

ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រែកជីកហ្វូណនតេជោបាននិងកំពុងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស។ សន្ទុះនៃការគាំទ្របានផុសចេញពីទឹកចិត្តស្រឡាញ់ជាតិ ការពារផលប្រយោជន៍ជាតិ និងប្រាថ្នាចង់ឃើញប្រទេសរបស់ខ្លួនមានឯករាជភាព និងភាពរឹងមាំខាងសេដ្ឋកិច្ចដោយឈរលើកម្លាំងខ្លួនឯងដោយមិនចាំបាច់ពឹងខ្យល់ដកដង្ហើមពីបរទេស។

ពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ មិនរារែកក្នុងការចេញមុខគាំទ្រពេញទំហឹង និងយ៉ាងកងរំពងដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។ ចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលកំពុងការពារនិងរុញច្រានគម្រោងនេះឱ្យទៅមុខដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងមហាសាមគ្គីជាតិនេះហើយដែលជាប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។ ពេលនេះ ជាតិសាសន៍ខ្មែរបានបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនជាងពេលណាៗទាំងអស់តាមរយៈចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ៕
ដោយ៖ពលជ័យ

ads banner