Instagram ត្រូវបានបិទ នៅក្នុងប្រទេសទួកគី

បរទេស៖ រហូតមកដល់ថ្ងៃអាទិត្យនេះ មានរយៈពេល៣ថ្ងៃជាប់ៗគ្នាហើយ ដែលអ្នកលេងបណ្តាញសង្គម Instagram នៅក្នុងប្រទេសទួកគី ត្រូវបានរារាំង មិនឲ្យប្រើប្រាស់ បន្ទាប់ពីមានការចោទប្រកាន់ លើក្រុមហ៊ុនអាមេរិកមួយនេះ ពីមន្ត្រីជាន់ខ្ពស់ ទួកគី។

អាជ្ញាធរបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ហៅកាត់ BTK បានប្រកាស នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃសុក្រថា វេទិកាដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Meta មួយនេះ ត្រូវបានជាប់គាំង ដោយមិនបានប្រាប់ហេតុផលណាមួយឡើយ។ ក្រោយមក មន្ត្រីម្នាក់ បានបង្ហើប ពីបញ្ហាបទប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យមានការបិទ មាតិកា ដែលគេហៅថា «ឧក្រិដ្ឋកម្ម»។

រដ្ឋមន្ត្រីដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ប្រទេសតួកគី លោក Uraloglu បាននិយាយ កាលពីថ្ងៃសុក្រថា «ប្រទេសរបស់យើងមានតម្លៃ និងភាពរសើប..ទោះបីជាមានការព្រមានរបស់យើងក៏ដោយ ក៏ពួកគេមិនបានយកចិត្តទុកដាក់ចំពោះខ្លឹមសារឧក្រិដ្ឋកម្មដែរ..យើងបានបិទច្រកចូលហើយ.. នៅពេលដែលពួកគេគោរពតាមច្បាប់របស់យើង យើងនឹងលុបចោលការហាមឃាត់ នេះវិញ»។

កាលពីថ្ងៃពុធ នាយកផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតី លោក Altun បានចោទប្រកាន់ Instagram ថា រារាំងមនុស្សពីការផ្សាយសាររំលែកទុក្ខ ចំពោះមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh ដែលទើបត្រូវបានគេសម្លាប់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយទួកគី បានឲ្យដឹងថា ក្នុងចំណោមប្រជាជនសរុប ៨០លាននាក់ មានអ្នកប្រើប្រាស់បណ្តាញសង្គម Instagram ចំនួន ៥០លាននាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner